ភ្នំពេញ៖ ស្ថានទូតកម្ពុជាមានកិត្តិយសបានតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុន សែន ក្នុងការទទួលជំនួយសប្បុរសធម៌ ចំនួន 93,360,000 វ៉ុន (ស្មើនឹងប្រមាណជាង 84,872 $ ) ដែលជាចំណែករបស់ក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រង Korea Deposit Insurance Corperation
ក្នុងចំណោមជំនួយសរុប 123, 360,000 វ៉ុន ( ប្រមាណ 112,000 $) ដែលក្នុងនោះ Woori Finance group នឹងផ្តល់ជំនួយ 25,000, 000 វ៉ុន ( ស្មើនឹង 22,727$) និង Busan International Finance ចំនួន 5,000,000 វ៉ុន ( ស្មើនឹង 4545 $) តាមរយ:កាកបាទក្រហមកូរ៉េនៅក្នុងពេលឆាប់ៗខាងមុខ។
កាកបាទក្រហមកូរ៉េនឹងបែងចែកជំនួយដល់កម្ពុជាដូចខាងក្រោម៖
១-ជូនកាកបាទក្រហមកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងគម្រោង WASH Facilities និងជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់។
២-ថវិកាជួយដល់សហគមន៍ខ្មែររៀបការស្វាមី-ភរិយាកូរ៉េ ប្រមាណ 70 គ្រួសារ។
កាកបាទក្រហមកូរ៉េក៏បានសំដែងនូវការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមកជាមួយកាកបាទក្រហមកម្ពុជា ជាពិសេសភាពរីកចម្រើនរបស់កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន។
ជាមួយគ្នានេះភាគីកូរ៉េក៏បានស្នើសុំអោយកម្ពុជានៅតែបន្តកិច្ចសហការ និងពង្រឹងកិច្ចសហការឡើងវិញបន្ទាប់ពីស្ថានភាពកូវីដ១៩ មានភាពល្អប្រសើរឡើងវិញ។
សូមជម្រាបជូនថា ក្រុមការងារកម្រិតជំនាញរបស់កាកបាទក្រហមកម្ពុជា និងកាកបាទក្រហមកូរ៉េ នឹងជួបពិភាក្សាការងារគ្នា តាមពេលវេលាសមស្រប ដើម្បីផ្លាស់ប្តូរយោបល់ និងធ្វើបច្ចុប្បន្នភាពនៃកិច្ចសហប្រតិបត្តិការរវាងគ្នា ទាំងវិស័យមនុស្សធម៌ និងវិស័យជាអាទិភាពផ្សេងទៀត ដែលកូរ៉េ មានសក្តានុពលក្នុងការផ្តល់ជូនកម្ពុជា ក្នុងនោះមាន វិស័យសុខាភិបាលជាដើម៕
ដោយ៖ សុខ ខេមរា