ប្រមុខរាជរដ្ឋាភិបាលកម្ពុជា, សម្តេចតេជោ ហ៊ុន សែន បញ្ចេញកញ្ចប់ឃីត៦ពាន់ ដល់ខេត្ត៣តាមព្រំដែន សម្រាប់ផ្តល់ឲ្យពលករដែលធ្វើមាតុភូមិនិវត្តន៍ពីថៃ

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះថា នៅយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបញ្ចេញឃីតចំនួន ៦ពាន់ឃីត ដើម្បីឧបត្ថម្ភដល់ខេត្តចំនួន៣ នៅតាមព្រំដែន សម្រាប់ផ្តល់ឲ្យពលករដែលធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសថៃ។

លោកស្រីរដ្ឋលេខាធិការបញ្ជាក់ថា, ខេត្តទាំង៣ ដែលទទួលបានកញ្ចប់ឃីតទាំង ៦ពាន់នោះ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ។ ខេត្តទាំង៣នេះដែរ ទទួលបានឃីតចំនួន ២ពាន់កញ្ចប់ តង់ចំនួន៥ និងកៅអីចំនួន១០០ ទៀតផង។

អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងកញ្ចប់ឃីត រួមមាន មុង ខ្នើយ និងកន្ទេល។ ក្នុងមួយខេត្តទទួលបានឃីតចំនួន ២ពាន់កញ្ចប់ តង់ចំនួន៥ និងកៅអីចំនួន១០០ ហើយកញ្ចប់ឃីតត្រូវបានដឹកជញ្ជូនភ្លាមៗទាំងយប់ទៅកាន់គោលដៅរួចរាល់ហើយ។

បើតាមលោកស្រី យក់ សម្បត្តិ, មន្ទីរសុខាភិបាលក្នុងខេត្តទាំង៣ បាននិងកំពុងរៀបចំចាត់ចែងឃីតទាំងនោះ ដល់ពលករដែលមានជីវភាពខ្វះខាត។
សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាទៅអាជ្ញាធរខេត្តចំនួន៧ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ឱ្យពង្រឹងការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់មកប្រទេសថៃ រយៈពេល១៤ថ្ងៃពេញ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើងយ៉ាងខ្លាំងក្លា ជាង៥០០ករណីក្នុង១ថ្ងៃ នៅខេត្តសាមុតសាខន ប្រទេសថៃ។

ពាក់ព័ន្ធនឹងការពង្រឹងវិធានការតាមបណ្តាខេត្តជាប់ព្រំដែនថៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកា៥០លានរៀល ក្នុង១ខេត្តផងដែរ ដើម្បីឱ្យខេត្តទាំងនោះរៀបចំដោះស្រាយបញ្ហាចំពោះមុខ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ ពីប្រទេសថៃ។ ខេត្តទាំង៧ ដែលជាប់ព្រំដែនថៃនោះ រួមមាន បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងកោះកុង។
ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងពលករ ដែលបានត្រឡប់មកពីប្រទេសថៃ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានឲ្យអាជ្ញាធរខេត្តតាមព្រំដែន បិទច្រកមួយរយៈ ទុកតែចំនួន ៣ច្រកប៉ុណ្ណោះ ងាយស្រួល ពិនិត្យ យកសំណាក នឹងធ្វើចត្តាឡីស័ករយ:ពេល ១៤ ថ្ងៃ អនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល នឹងមានរៀបចំរថយន្តរបស់កងទ័ព សម្រាប់ធ្វើការដឹកជញ្ជួនភាពផង ៕

...


ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print