ខេត្តបាត់ដំបងៈ កុមារអាយុ១២ឆ្នាំបានស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម ដោយសារយកគ្រាប់សល់ពីសង្គ្រាមទៅបោះលេងបណ្ដាលឲ្យផ្ទុះ លាន់ដូចរន្ទះ ក្រោយមកអ្នកជិតខាងបានភ្ញាក់ផ្អើលនិងសាច់ញាតិស្រែកទ្រហោយំ ខណៈឃើញកុមាររូបនេះបានស្លាប់និងរងនូវអំបែងស្ទើរសុះពេញខ្លួន។
ហេតុការណ៍ដ៏អាក្រក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង០៥នាទីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិអំពិល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។
អ្នកភូមិនិយាយថា គ្រាប់ដែលផ្ទុះនោះគឺមានទំហំ ៨២mm អាចជាគ្រាប់មិនទាន់ផ្ទុះដែលសល់កាលពីសម័យសង្គ្រាម ដោយសារតំបន់ភូមិសាស្ត្រទីនោះអតីត ធ្លាប់មានកម្លាំងយោធាខ្មែរក្រហមតែងមកកាន់នៅតំបន់នោះផងដែរមុនសម័យសមាហរណកម្ម។
ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ ធៀង ឌា ភេទប្រុស អាយុ១២ឆ្នាំរស់នៅភូមិឃុំខាងលើ ។
បើតាមសាក្សីនិយាយថា មុនពេលកើតហេតុកុមាររងគ្រោះ បានទៅបេះត្រួយអំពិលដើម្បីយកមកឲ្យក្រុមគ្រួសាររបស់គេ យកមកធ្វើស្លរធ្វើម្ហូប ក្រោយមកអាចកុមាររូបនេះប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ដោយពុំនឹកស្មានថា ជារឿងគ្រោះថ្នាក់ដល់អាយុជីវិតគេក៏យកគ្រាប់នោះមកកាន់លេង រួចហើយបោះ គប់ទៅលើដីមានថ្ម ក៏ផ្ទុះកិបបណ្ដាលឲ្យផ្ទុះដោយសំឡេងលាន់ដូចរន្ទះជាមួយនិងផ្សែងខ្មួលខ្មាញ់ ជះអំបែងទៅលើកុមាររងគ្រោះ ត្រូវសុះសាច់ បណ្ដាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម។
អ្នកភូមិសែនរន្ធត់ បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង ក្នុងនោះសមត្ថកិច្ចនិងអាជ្ញាធរបានជួយចាត់ចែងជាមួយនិងក្រុមគ្រួសារកុមាររងគ្រោះធ្វើបុណ្យតាមប្រពៃណី និងបានធ្វើការណែនាំឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន រាល់ការបង្កបង្កើនផល កាប់គាស់ ភ្ជួរាស់ បើជួបប្រទះនូវគ្រាប់មិនទាន់ផ្ទុះរាយការណ៍ជូនអាជ្ញាធរ សមត្ថកិច្ច ដើម្បីប្រយោជន៍ ធានានូវសុវត្ថិភាពនូវករណីគ្រោះថ្នាក់ផ្សេងៗ៕
ដោយ៖ សុខ ខេមរា