អាជ្ញាធរខេត្តកំពង់ឆ្នាំង ឧបត្ថម្ភសាច់ប្រាក់ជូនតំណាងគ្រួសារប្រជាពលរដ្ឋក្រីក្រជួបការលំបាកក្នុងអំឡុងពេល ធ្វើចត្តាឡីស័កនៃព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែធ្នូឆ្នាំ២០២០ម្សិលមុិញនេះ បានឧបត្ថម្ភសាច់ប្រាក់ជូនតំណាងគ្រួសារប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និង មានជីវភាពខ្វះខាត ប៉ះពាល់នឹង«ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» ៣គ្រួសារ ក្នុងពេលធ្វើចត្តាឡីស័កតាមផ្ទះនិងតាមមន្ទីរពេទ្យ។

លោកអភិបាលរងខេត្តបានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ឆ្នាំងបានទទួលថវិកាពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលបានប៉ះពាល់នឹង«ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» និងបានធ្វើចត្តាឡីស័ក។

លោកបានបញ្ជាក់ទៀតថា ដើម្បីសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ ប្រមុខរាជរដ្ឋាភិបាល បានគិតគូរដល់បងប្អូនប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ ក្នុងព្រឹត្តិការណ៍សហគមន៍នេះ ដោយបានឧបត្ថម្ភថវិកាដល់ពលរដ្ឋដែលធ្វើចត្តាឡីស័កនេះ ក្នុងម្នាក់ចំនួន៣០ម៉ឺនរៀលក្នុងរយៈពេល១៥ថ្ងៃ។ ដោយផ្តោតសំខាន់លើគ្រួសារក្រីក្រជួបការលំបាក។

ក្នុងឱកាសនោះលោកបានផ្តាំផ្ញើដល់តំណាងគ្រួសារប្រជាពលរដ្ឋ ត្រូវចេះរស់ នៅក្នុងបរិបទថ្មី នាពេលបច្ចុប្បន្ននេះ ដោយអនុវត្តឲ្យបានតឹងរឹងបំផុតចំពោះវិធានការអនាម័យរបស់ក្រសួងសុខាភិបាល និង ត្រូវផ្សព្វផ្សាយបន្តជូនដល់គ្រួសារពលរដ្ឋផ្សេងទៀត ដែលបានត្រឡប់មកពីក្រៅស្រុកត្រូវតែអនុវត្តនូវវិធានការចត្តាឡីស័ក ដើម្បីសុខភាពខ្លួនឯង គ្រួសារ និង សង្គមទាំងមូល ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍។ ប្រសិនបើនៅក្នុងមូលដ្ឋាន មានការសង្ស័យថា មានអាការៈនៃជំងឺកូវីដ១៩ ត្រូវរាយការណ៍មកមន្ត្រីសុខាភិបាល ឬអាជ្ញាធរ ដែលនៅជិតបំផុត និង ធ្វើការផ្តល់ព័ត៌មានឲ្យបានឆាប់រហ័ស ដើម្បី ជួយគ្នាទប់ស្កាត់និងព្យាបាលបានទាន់ពេលវេលា៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print