ភ្នំពេញ៖ ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ បានចេញសេចក្តីប្រកាសព័ត៌មាន មានកិត្តិយសសូមជូនព័ត៌មានដល់បងប្អូន ពលករខ្មែរទាំងអស់ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃទាំងអស់ មេត្តាជ្រាបថា ដើម្បីគ្រប់គ្រង និងការពារមិន ឱ្យមានការរីករាលដាលជំងឺកូវីដ-១៩ ទៅលើពលករបរទេសទាំងអស់ ដែលជាហេតុបង្កឱ្យមានផលប៉ះពាល់ដល់អាយុជីវិត និង សុខភាពអនាម័យរបស់ប្រជាពលរដ្ឋ ក្រសួងការងារថៃ បានចេញសេចក្តីប្រកាសស្នើសុំកិច្ចសហការពីនិយោជក រោងចក្រ សហគ្រាស និងក្រុមហ៊ុននានាគ្រប់ទីកន្លែងនៅក្នុងប្រទេសថៃ ត្រូវអនុវត្តដូចខាងក្រោម៖
១. ហាមចល័តពលករបរទេស ចេញ-ចូល តំបន់ដែលមានការរីករាលដាលជំងឺកូវីដ-១៩។ ២. មានវិធានការការពារ និងត្រួតពិនិត្យ ដូចតទៅ៖
វាស់កំដៅពលករបរទេស បើមានកំដៅលើស ឬមានអាការៈខុសប្រក្រតីផ្សេងៗ ដូចជា ក្អក ពិបាកដកដង្ហើម គួរឱ្យពលករនោះសម្រាកពីការងារ និងប្រញាប់រួសរាន់ជូនដំណឹងដល់ទីភ្នាក់ងារសុខាភិបាលដើម្បីអនុវត្តវិធានការចត្តាឡីស័កភ្លាម។
* រៀបចំអាល់កុលសម្រាប់លាងដៃ នៅតាមទីកន្លែងធ្វើការ ច្រកទ្វារចេញ-ចូល និងតាមបន្ទប់ទឹក។
* តម្រូវឱ្យពលករបរទេសត្រូវពាក់ម៉ាស ពាក់ស្រោមដៃ និងរក្សាគម្លាតពី ១-២ម៉ែត្រ ក្នុងកំឡុងពេលបំពេញការងារ ព្រមទាំងថែរក្សា និងសម្អាតឧបករណ៍ដែលប្រើប្រាស់ជាប្រចាំ។ * ផ្សព្វផ្សាយ និងពន្យល់ណែនាំពលករបរទេសឲ្យយល់ដឹងពីវិធីការពារខ្លួនពីជំងឺកូវីដ-១៩ ដោយខ្លួនឯង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនពលករខ្មែរនៅប្រទេសថៃទាំងអស់ មេត្តាបន្តចូលរួមសហការ និង អនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃឱ្យបានខ្ជាប់ខ្លួន មានប្រសិទ្ធិភាពខ្ពស់ និងសូមរក្សាសុខភាពអនាម័យ ដើម្បី បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្តទៀត។ ករណីបងប្អូនមានបញ្ហា សូមទំនាក់ទំនងមកកាន់ស្ថានទូត តាមរយៈលេខទូរស័ព្ទ ០៩២ ៨០៥០ ៥៦១ (ផ្នែកកុងស៊ុល) និង ០៩៤ ០៩២៥ ៩០៥ (ផ្នែកអនុព័ន្ធការងារ) និង លេខ Hotline របស់នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង សម្រាប់ពលករបរទេស ចុចលេខ ១៤២២ ភ្ជាប់ទៅលេខ ៨១ សម្រាប់ ភាសាខ្មែរ។
សូមបងប្អូនពលករខ្មែរដែលស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖ សិលា