ផ្លែល្ហុងនៅមានទីផ្សារល្អ ខណៈបន្លែផ្សេងៗធ្លាក់តម្លៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅរដូវរំហើយ ប្រជាកសិករមមាញឹកប្រកបរបរកសិកម្មដាំបន្លែគ្រាដែលរដូវវស្សាបានកន្លងផុត ដោយរដូវនេះ ដំណាំងាយដាំ និងមិនសូវមានរោគ ពេលប្រមូលផលបន្លែជាច្រើនមុខត្រូវធ្លាក់តម្លៃចុះនៅលើទីផ្សារ ចំណែកផ្លែល្ហុងនៅមានទីផ្សារល្អ មិនធ្លាក់ថ្លៃរក្សាតម្លៃថេរ នេះបើតាមការរៀបរាប់ពីប្រជាកសិករ ដាំល្ហុងនៅចំណុចជើងភ្នំកងវ៉ា ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

អ្នកស្រី សុខ ស្រីលួន អាយុ៣២ឆ្នាំ ជាប្រជាកសិករដាំដំណាំចម្រុះ រស់នៅក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណរៀបរាប់ថា ដំណាំដែលអ្នកស្រីដាំមានស្ពៃក្រញ៉ាញ់ ស្ពៃជើងទា ស្ពៃហាង ត្រកួន ពោត និងដើមល្ហុង។ អ្នកស្រីបន្តថាចំពោះដំណាំផ្សេងៗដែលអ្នកស្រីមាននៅកសិដ្ឋានក្នុងរដូវរំហើយនេះ ប្រជាកសិករនាំគ្នាធ្វើច្រើន ស្របពេលដែលបច្ចុប្បន្នមិនសូវមានកម្មវិធីផងនោះ តម្លៃបន្លែទាំងនោះក៏ធ្លាក់ចុះ ដោយឡែកដំណាំល្ហុងមួយទេ ដែលតម្លៃទីផ្សារនៅថេរល្អ។

អ្នកស្រី សុខ ស្រីលួន បញ្ជាក់ថា នៅលើដីចម្ការដាំល្ហុងរបស់លោកស្រីដាំលើផ្ទៃដីជាង២រ៉ៃ ដែលក្នុងមួយថ្ងៃលោកស្រីលក់ចេញបាន៤០គីឡូក្រាមទៅ៥០គីឡូក្រាម ពូជល្ហុងនេះ ជាពូជល្ហុងផ្អែមយកមកពីប្រទេសថៃ សំរាប់លក់ជូនអតិថិជនដែលទិញយកទៅបរិភោគពេលវាទុំ ម៉ូយទិញដល់ចម្ការតែម្ដងក្នុងមួយគីឡូក្រាមតម្លៃ១៥០០រៀល គ្រាន់បានដោះស្រាយជីវភាពក្រុមគ្រួសាររបស់អ្នកស្រី រួមផ្សំទាំងដំណាំផ្សេងៗផងនោះ ចំណូលបានច្រើនគួរសមដែរ។ ការដំណាំរួមផ្សំនេះ ក៏អាចដោះស្រាយជីវភាពអ្នកស្រីបានធូរស្រាលផងដែរ ដោយមិនចាំបាច់ចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសនោះទេ។

អ្នកស្រីបញ្ជាក់ថា បន្លែចម្រុះនេះ អ្នកស្រីដាំរយៈពេល៣ឆ្នាំមកហើយ ដោយការដាំដុះតាមបច្ចេកទេសខាងមន្ទីរកសិកម្មផង និងដាំតាមទម្លាប់តៗគ្នាផង។ ការដាំតាមបច្ចេកខាងជំនាញឃើញថាបានផលល្អពិតមែន តែវាត្រូវការចំណាយដើមទុនច្រើនគួរសមដែរ តែការដាំតាមទម្លាប់តៗគ្នា អស់ដើមតិច។ ពេលរដូវរំហើយមកដល់និង ងាយដាំ ចំណែកបន្លែក៏មិនសូវមានរោគ ហើយបន្លែនៅលើទីផ្សារធ្លាក់ថ្លៃជ្រើសរើស ដាំតាមទម្លាប់ ពេលខែណាបន្លែឡើងថ្លៃ គឺជារដូវពិបាកដាំ ហើយពេលនេះពួកគាត់វិលមកដាំតាមបច្ចេកទេសរបស់មន្ត្រីជំនាញកសិកម្មម្តងវិញ ៕ដោយ៖វណ្ណា

...

         

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print