កងកម្លាំងទូទាំងតំបន់ប្រតិបត្តិការសឹករងសៀមរាប ចូលរួមថវិកាដោយស្ម័គ្រចិត្តជូនរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ឧត្តមសនីយ៍ទោ ស៊ិន ភាត់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប ទទួលបានថវិកាចំនួន ១៤.១៣៦.០០០រៀល និង១០៧០ដុល្លា ពីនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងសៀមរាប យោធភូមិភាគទី៤ ដែលបានស្ម័គ្រចិត្ត បរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។

លោក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងសៀមរាប បានថ្លែងថា នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចំណុះតំបន់ប្រតិបត្តិការសឹករងសៀមរាប មានទឹកចិត្តប្រកបដោយសោមនស្សរីករាយក្នុងការស្ម័គ្រចិត្តបរិច្ចាគថវិការបស់ខ្លួនតាមលទ្ធភាពផ្ទាល់ខ្លួនម្នាក់ៗ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាសក្ខីភាពសបញ្ជាក់ឲ្យឃើញអំពីទឹកចិត្តគាំទ្រទាំងស្រុង ជាមួយរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយកិត្តិបណ្ឌិត។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បានជំរុញដល់កម្លាំងតាមការិយាល័យ គ្រប់កងឯកភាពចំណុះ ត្រូវពង្រឹងរបៀបរបបធ្វើការងារ មានផែនការច្បាស់លាស់ និងពង្រឹងការងារគ្រប់គ្រងកម្លាំងត្រៀមអន្តរាគមន៍ ដើម្បីចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិបានទាន់ពេលវេលា ជាពិសេស បានផ្សព្វផ្សាយផែនការបង្ការការពារជំងឺកូវីដ-១៩ ដោយដាក់បទបញ្ជាស្តីពីការបង្ការការពារទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ឲ្យចូលរួមការការពារ រក្សាអនាម័យ ជាពិសេសអនុវត្តតាម អនុសាសន៍ និងវិធានការទាំង ១៤ចំណុចរបស់ សម្តេចតេជា និងក្រសួងសុខាភិបាល។

ឧត្តមសេនីយ៍ទោ ស៊ិន ភាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ដែលបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋទូទៅ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ និងអ្នកដែលមានការប្រឈមនឹងហានិភ័យខ្ពស់៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print