ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹង ស្តីពីវិធានការថ្មីបន្ថែមលើវិធានការគម្លាតសង្គមកម្រិត ២.៥ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េឱ្យបានជ្រាបថា ដោយមើលឃើញពីការកើនឡើង ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ (Covid-19) គួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រដ្ឋាភិបាលកូរ៉េបានដាក់ចេញនូវវិធានការណ៍ថ្មី បន្ថែមលើវិធានការគម្លាតសង្គម កម្រិត ២.៥ ដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺជំងឺកូវីដ-១៩ ដែលចាប់ផ្តើមអនុវត្តពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២១ ដែលមានខ្លឹមសារដូចខាងក្រោម៖
1. មិនអនុញ្ញាតឱ្យជួបជុំគ្នាចាប់ពី ០៥នាក់ ឡើងទៅ
2. ហាមការជួបជុំជាក្រុមនៅតាមភោជនីយដ្ឋាន ហាងកាហ្វេ ទីកន្លែងលេងកីឡារដូវរងា និងទីកន្លែង កំសាន្តនានា ដូចជារមណីយដ្ឋានស្តី ទីកន្លែងមើលថ្ងៃលិច និងឧទ្យានជាតិ ជាដើម
3. ក្នុងករណីមានការល្មើសនឹងបំរាមនេះ នឹងត្រូវទទួលរងការផាកពិន័យទៅតាមច្បាប់ដែលបានចែងនៅក្នុងច្បាប់ស្តីពីការបង្ការទប់ស្កាត់នៃជំងឺឆ្លង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅ សាធារណរដ្ឋកូរ៉េទាំងអស់ ចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពបំផុត និងសូមជូនពរបងប្អូន ទាំងអស់មានសុខភាពល្អ ចៀសផុតពីការឆ្លងជំងឺកូវីដ- ១៩៕