ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ នៅថ្ងៃនេះផ្ដាំផ្ញើដល់ជនរួមជាតិយ៉ាងដូច្នេះថា ថ្ងៃទី២៥ ខែធ្នូ នេះជាថ្ងៃបុណ្យគ្រីស្ទម៉ាស(Christmas) ដែលជាបុណ្យដ៏សំខាន់របស់បងប្អូនអ្នកគ្រីស្ទបរិស័ទ (Christian)។ ដោយសារប្រទេសយើងកំពុងតែស្ថិតក្នុងការប្រុងប្រយ័ត្នប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដូច្នេះហើយបងប្អូនគ្រីស្ទបរិស័ទយើងមិនបានប្រារព្ធពិធីនេះឲ្យបានអធិកអធ័មនោះទេ ប៉ុន្តែគឺធ្វើជាលក្ខណៈគ្រួសារនៅតាមគេហដ្ឋានរៀងៗខ្លួនដោយមានការប្រុងប្រយ័ត្នខ្ពស់។
សម្ដេចសូមជូនពរបងប្អូនគ្រីស្ទបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មានសុខភាពល្អ ជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារកុំអោយឆ្លងកូវីដ ១៩ ដោយពាក់ម៉ាស និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជឹល ទឹកអាល់កុល រក្សាគម្លាតសុវត្ថិភាព ហើយចំពោះបងប្អូនកូនក្មួយដែលកំពុងធ្វើចត្តាឡីស័ក សូមអនុវត្តអោយបានខ្ជាប់ខ្ជួនត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
ដោយ៖ សុខ ខេមរា