ការិយាល័យរដ្ឋអាជ្ញាក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការធ្វើកោសល្យវិច័យលើកទី២បានបង្ហាញថា វីរបុរសបាល់ទាត់អាហ្សង់ទីនលោក Diego Maradona មិនបានទទួលទានស្រា ឬគ្រឿងញៀននៅក្នុងប៉ុន្មានថ្ងៃមុនពេលគាត់ស្លាប់ឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport និងសារព័ត៌មានស៊ីនហួរ។
អតីតតារាឆ្នើមជួយឲ្យអាហ្សង់ទីនឈ្នះ World Cup ឆ្នាំ១៩៨៦ បានស្លាប់ដោយសារគាំងបេះដូងអាយុ ៦០ឆ្នាំកាលពីថ្ងៃទី២៥ ខែវិច្ឆិកាគឺមិនដល់មួយខែផងបន្ទាប់ពីបានធ្វើការវះកាត់នៅទីក្រុង Buenos Aires ដើម្បីយកកំណកឈាមចេញពីខួរក្បាលរបស់គាត់។
លទ្ធផលនៃការធ្វើកោសល្យវិច័យដែលត្រូវបានបោះពុម្ពផ្សាយដោយរដ្ឋអាជ្ញាសាធារណៈSan Isidroបានបង្ហាញថា លោកម៉ារ៉ាដូណាកំពុងមានបញ្ហាដែលទាក់ទងនឹងតម្រងនោម, បេះដូង និងសួតរបស់គាត់។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ពួកគេកំពុងព្យាយាមកំណត់ថាតើមានការធ្វេសប្រហែសរបស់ក្រុមគ្រូពេទ្យ និងបុគ្គលិកពេទ្យដែរឬទេក្នុងអំឡុងពេលគាត់ចូលសម្រាកព្យាបាល។
ការធ្វើកោសល្យវិច័យដំបូងបានរកឃើញថា ម៉ារ៉ាដូណាបានស្លាប់ពីជំងឺសួតរ៉ាំរ៉ៃ និងជំងឺខ្សោយបេះដូងរ៉ាំរ៉ៃដែលកាន់តែធ្ងន់ធ្ងរទៅៗដោយសារបេះដូងរបស់គាត់ចុះខ្សោយទៅៗ។
បន្ទាប់ពីការវះកាត់ខួរក្បាលរបស់គាត់កាលពីថ្ងៃទី៣ ខែវិច្ឆិកាវេជ្ជបណ្ឌិតផ្ទាល់របស់ម៉ារ៉ាដូណាគឺលោក Leopoldo Luque បាននិយាយថា អតីតតារាបាល់ទាត់ក្លិប Napoli តម្រូវឱ្យមានការព្យាបាលបន្តទៀត។ គាត់មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីស្ថានភាពនោះទេ ប៉ុន្តែម៉ារ៉ាដូណាធ្លាប់បានពាក់ព័ន្ធនឹងការញៀនថ្នាំ និងប្រើគ្រឿងស្រវឹង ៕ដោយ៖ភារៈ