ខេត្តប៉ៃលិន ៖ នៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញផ្នែកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធក្នុងករណីលួចម៉ូតូមួយគ្រឿងហើយគេចខ្លួនបានមូយថ្ងៃ។
មន្រ្តីនគរបាលស្រុកសាលាក្រៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡុង គីមឡេង ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ជនសង្ស័យឈ្មោះ នួនវិចិត្រ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពដដែលបានឲ្យដឹងទៀតថាកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០
ជនរងគ្រោះបានទុកម៉ូតូម៉ាក ហុងដា ឃ្លីក ស៊េរីឆ្នាំ ២០១៥ ពណ៌ ស លាយខ្មៅ ពាក់ស្លាកលេខប៉ៃលិន ១C-០៦៩៩ នៅមុខផ្ទះ ហើយត្រូវជនសង្ស័យខាងលើចូលទៅកាច់សោលួចជិះយកទៅបាត់។ក្រោយមកជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ទើបសមត្ថកិច្ចស្រាវជ្រាវដឹងតាមចាប់ខ្លួនបាននិងរឹបអូសម៉ូតូប្រគល់ឲ្យជនរងគ្រោះវិញ។
បច្ចុប្បន្នជនជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ÷ប្រាថ្នា