ជិះម៉ូតូចេញពីផ្លូវលំឡើងលើផ្លូវជាតិមិនគោរពសិទ្ធិអាទិភាពត្រូវរថយន្តបុករងរបួសធ្ងន់ទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូចេញពីផ្លូវលំឡើងលើផ្លូវជាតិមិនគោរពសិទ្ធិអាទិភាពត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកបុកយ៉ាងពេញទំហឹងលាន់សូរដូចបន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍មកសមត្ថកិច្ចទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ស្ថិតក្នុងភូមិសង្គម ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ម៉ាញ់  អាយុ ៣៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិកំពោតទូក ឃុំគគីរសោម  ស្រុកស្វាយទាប ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១J -៦៧៦៥ខូចខាតទាំងស្រុង។

ចំណែកអ្នកបើកបររថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយពីកើតហេតុបានបើករថយន្តគេចខ្លួនភ្លាមៗទៅទិសខាងលិច។

ប្រភពបន្តទៀតថា មុនពេលកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងចេញពីផ្លូវលំឡើងលើផ្លូវជាតិឆ្លងកាត់ថ្នល់ពីជើងទៅត្បូងមិនគោរពសិទ្ធិអាទិភាព
ស្រាប់តែមានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាកបានបើកពីកើតទៅលិចហើយជាន់ហ្វ្រាំងមិនទាន់ក៏បុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់តែម្ដង។

បន្ទាប់ពីកើតហេតុអ្នករងរបួសធ្ងន់ត្រូវបានសមត្ថកិច្ច បញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងវាស់វែងអូសយក ម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំគគីរសោមដោះស្រាយពេលក្រោយ ។
សមត្ថកិច្ចនគរបាលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានករណីគ្រោះថ្នាក់ចរាចរនេះកើតឡើងដោយសារម៉ូតូចេញពីផ្លូវលំឡើងទៅកាន់ផ្លូវជាតិ(មិនគោរពសិទ្ធិអាទិភាព)៕

ដោយ៖ យឹម សុថាន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print