ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ សេវាពិនិត្យព្យាបាលជំងឺឯកជន ទាំងអស់ មិនត្រូវព្យាបាលអ្នកជំងឺ ដែលសង្ស័យថាជាជំងឺកូវីដ-១៩ នៅតាមកន្លែងពិនិត្យ ព្យាបាលអ្នកជំងឺឯកជនរបស់ខ្លួនឡើយ។
ក្រសួងសុខាភិបាល សូមជម្រាបជូន លោក លោកស្រី ដែលជាម្ចាស់ សេវាពិនិត្យព្យាបាលជំងឺឯកជន ទាំងអស់ឱ្យបានជ្រាបថា ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះលោក លោកស្រី ដែលជាម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែល បានយកចិត្តទុកដាក់ និងគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ការរាតត្បាតនៃ ជំងឺកូវីដ-១៩ កន្លងមក។ ដើម្បីទប់ស្កាត់ កុំឱ្យមាននូវការរាតត្បាតទ្រង់ទ្រាយ ធំនៅក្នុងសហគមន៍ ក្រសួងសុខាភិបាល តម្រូវឱ្យម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ចូលរួមពង្រឹងបន្ថែមទៀត ក្នុងការអនុវត្តវិធានការណ៍ ការពារកុំឱ្យមានចម្លងជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ និងនៅតាមសេវាពិនិត្យព្យាបាលជំងឺឯកជនរបស់ខ្លួន ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំដូចខាងក្រោមនេះ ៖
1. មិនអនុញ្ញាតឱ្យធ្វើការពិនិត្យ និងព្យាបាលអ្នកជំងឺ ដែលសង្ស័យថាជាជំងឺកូវីដ-១៩ នៅតាមកន្លែងពិនិត្យ ព្យាបាលអ្នកជំងឺឯកជនរបស់ខ្លួនឡើយ។
2. ប្រសិនបើមានអ្នកជំងឺមកពិនិត្យជំងឺនៅកន្លែងពិនិត្យព្យាបាលជំងឺរបស់ខ្លួន ដែលសង្ស័យថាជាជំងឺ កូវីដ-១៩ដូចតាមនៅក្នុងនិយមន័យករណីសង្ស័យជំងឺកូវីដ-១៩(ឧបសម្ព័ន្ធ១) គឺមិនត្រូវធ្វើការពិនិត្យនិង ព្យាបាលឡើយ សូមជួយ ពន្យល់ និងណែនាំអ្នកជំងឺ ឱ្យគាត់បានដឹងអំពីជំងឺកូវីដ-១៩ រួចដាក់គាត់ឲ្យ នៅដាច់ដោយឡែក បន្ទាប់មកជូនព័ត៌មានទៅមន្ទីរសុខាភិបាលរាជធានី ខេត្ត ដែលនៅជិតដើម្បី សម្របសម្រួលបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យបង្អែករដ្ឋ (ចំពោះអ្នកនៅខេត្តគឺ មន្ទីរពេទ្យខេត្ត និង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំពោះអ្នកនៅរាជធានីភ្នំពេញ) ជាបន្ទាន់។
3. ត្រូវអនុវត្តនូវអនាម័យសម្អាតទីកន្លែងពិនិត្យព្យាបាលជំងឺដោយមានម៉ាសសម្រាប់ពាក់ មានអាល់ កុលសម្រាប់លាងដៃឬអាល់កុលដែលសម្រាប់លាងដៃជាប្រចាំ។ ក្នុងករណីដែលមានអ្នកជំងឺ សង្ស័យថាជាជំងឺកូវីដ-១៩ បានមកពិនិត្យក្នុងកន្លែងព្យាបាលរបស់ខ្លួន ម្ចាស់សេវាត្រូវប្រើសូលុស្យុង អូសាវែលដែលមានកំហាប់ 0,1% ក្នុងការជូតសម្អាតឥដ្ឋ និងបាញ់សម្លាប់មេរោគនៅកន្លែងអ្នកជំងឺ ដែលបានមកពិនិត្យ និងក្នុងបរិវេណពិនិត្យព្យាបាលអ្នកជំងឺទាំងមូល។
4. ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងយកសំណាកទៅពិនិត្យ និងតាមដានសុខភាពជាប្រចាំ ចំពោះគ្រូពេទ្យ និងបុគ្គលិកដែលបានប៉ះពាល់ជាមួយនឹងអ្នកជំងឺដែលសង្ស័យថាជាជំងឺកូវីដ-១៩ នោះ។
5. ព័ត៌មានបន្ថែមសូមទាក់ទងមកលេខ ១១៥ ដោយឥតគិតថ្លៃ ឬទាក់ទងមកក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ។
6. ការគ្រប់គ្រងសំណល់ពីសេវាថែទាំសុខភាព ការពិនិត្យអ្នកជំងឺ ម្ចាស់សេវាសុខាភិបាលឯកជន ត្រូវមាន ធុង សម្រាមពណ៌លឿង ដែលមានស្លាកសញ្ញាគ្រោះថ្នាក់ពណ៌ខ្មៅ សម្រាប់ដាក់សំណល់ឆ្លងរោគ និងសម្ភារៈ អ្នកជំងឺដែលសង្ស័យជំងឺកូវីដ-១៩ ប្រើរួច៖ ម៉ាសពាក់ ក្រដាសជូតស្លេស។ល។ បន្ទាប់មកត្រូវប្រមូលយកសំណល់នោះទៅដុតកំទេចចោលជាមួយឡដែលមានសីតុណ្ហភាពខ្ពស់ចាប់ពី៨០០អង្សាសេ។
7. ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ត្រូវជួយអប់រំផ្សព្វផ្សាយអំពីវិធានការណ៍នៃការចម្លង ជំងឺកូវីដ-១៩ ទៅដល់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ព្រមទាំងឱ្យគាត់ចូលរួមសហការទប់ស្កាត់ការ រាតត្បាតនៃជំងឺកូវីដ-១៩ ដោយការលាងដៃជាមួយទឹក និងសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ និងពាក់ ម៉ាស់ ព្រមទាំងរក្សានូវគម្លាតសុវត្ថិភាពយ៉ាងតិចពី ១ម៉ែត្រកន្លះឡើងទៅ និងត្រូវអនុវត្តនូវវិធានការណ៍ ៣ ការពារ និង ៣ កុំ គឺ ៖
ក. អនុវត្ត ៣ ការពារ
-ពាក់ម៉ាស់
-លាងដៃឲ្យបានញឹកញាប់
-គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះ ឡើងទៅឱ្យបានគ្រប់គ្នា និងនៅគ្រប់ទីកន្លែង។
ខ. អនុវត្ត ៣កុំ
-កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូលល្អ
-កុំទៅកន្លែងមនុស្សច្រើនកុះករ
-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមាន ផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ-១៩ កុំចេញក្រៅ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ ឬ ហៅទៅលេខ ១១៥។
អាស្រ័យហេតុនេះ សូម លោក លោកស្រី ដែលជាម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជន ទាំង អស់ ត្រូវអនុវត្តទៅតាមការណែនាំខាងលើនេះដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕
ដោយ៖ សុខ ខេមរា