ក្រសួងសុខាភិបាលកម្ពុជា​សូមច្រានចោលទាំងស្រុងនូវការចុះផ្សាយមិនត្រឹមត្រូវរបស់សារព័ត៌មានវៀតណាមឈ្មោះ VN Express International

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា​សូមច្រានចោលទាំងស្រុងនូវការចុះផ្សាយមិនត្រឹមត្រូវរបស់សារព័ត៌មានវៀតណាមឈ្មោះ VN Express International ដែលបានសរសេរដោយឈ្មោះ​ Cuu Long – Phuoc Tuan និងចុះផ្សាយថ្ងៃទី២៦​ ខែធ្នូ​ ឆ្នាំ២០២០​ វេលាម៉ោង​ ០៥:៣០​ pm (GMT +7) ដែលមានចំណងជេីងថា​ បុរសម្នាក់ចូលវៀតណាមខុសច្បាប់ពីកម្ពុជា​ តេស្តវិជ្ជមានកូរ៉ូណាថ្មី​ (Man illegally entering Vietnam from Cambodia tests positive for novel coronavirus) ដោយហេតុផលដូចតទៅ៖
1. តាមការឆែកនៅគ្រប់ច្រកចូលពីប្រទេសថៃ ដែលកម្ពុជាកំពុងតែគ្រប់គ្រងពលករខ្មែរនិងអ្នកដំណេីរចូលកម្ពុជាដោយហ្មត់ចត់នៅតាមបណ្តាខេត្តដែលមានច្រកតាមព្រំដែនថៃ គឺមិនមានបុរសជនជាតិវៀតណាមឈ្មោះនេះដែលឆ្លងចូលមកកម្ពុជានៅថ្ងៃទី២៣​ និង២៤​ ខែធ្នូ​ រួមទាំងច្រកបាវិតនៅខេត្តស្វាយរៀងផងដែរក៏មិនមានករណីបុរសជនជាតិវៀតណាមនេះឆ្លងចេញពីកម្ពុជាដែរ។
2. បុរសនេះជាជនជាតិវៀតណាម​ តែបែរជាដាក់ថា​ ចូលវៀតណាមខុសច្បាប់ទៅវិញ។ តេីនេះជាបែប​ វៀតណាមចូលស្រុកខ្លួនវិញខុសច្បាប់ដែរមែនទេ?
3. បុរសជនជាតិវៀតណាមរូបនេះ​ មានឪពុកម្តាយនៅ​ខេត្តវិញឡុង​ ដែលពួកគាត់​ រួមជាមួយប៉ូលិសម្នាក់និងបុគ្គលិកសុខាភិបាល ៤នាក់ទៀត​ ត្រូវបានដាក់ឲ្យធ្វេីចត្តាឡីស័កនៅ​មជ្ឈមណ្ឌលវេជ្ជសាស្ត​ស្រុកម៉ាងធីត​ (The Mang Thit District Medical Center)។
4. នៅក្នុងអត្ថបទនេះ​ បានបញ្ជាក់រួចហេីយថា​ បុរសឈ្មោះ​ Le Thuc Tri អាយុ​ ៣២ឆ្នាំ​ ដែលតេស្តវិជ្ជមាន​ដោយវិទ្យាស្ថានប៉ាស្ទ័រទីក្រុងហូជីមិញ​ មិនទាន់មានការបញ្ជាក់ពីក្រសួងសុខាភិបាលវៀតណាមថាមានវីរុសកូវីដ-១៩​ នោះទេ។
5. បុរសជនជាតិវៀតណាមរូបនេះ​ បានធ្វេីដំណេីរមកពីប្រទេសភូមា​ មកប្រទេសថៃតាមឡានដឹកទំនិញ​ (Truck) នៅថ្ងៃទី១៥​ ខែធ្នូ​ ហេីយស្នាក់នៅប្រទេសថៃរហូតដល់ថ្ងៃទី២២។ បន្ទាប់មក​ បុរសនេះរួមដំណេីរជាមួយបុគ្គល​ ៦នាក់ផ្សេងទៀតជិះឡានដឹកទំនិញមកកម្ពុជានៅថ្ងៃទី២៣​ ហេីយបានឆ្លងកាត់ច្រកព្រំដែនចូលខេត្តតៃនិញនៅថ្ងៃទី២៤​ និងបន្តទៅទីក្រុងហូជីមិញតាមរថយន្តក្រុង​ ទៅវិញឡុង​ ទៅផ្ទះម្តាយគាត់នៅទីនោះ​ ដែលម្តាយគាត់រាយការណ៌ទៅអាជ្ញាធរនិងដាក់បុរសនេះធ្វេីចត្តាឡីស័កនៅថ្ងៃទី២៤។
6. ដូច្នេះ​ ការចុះផ្សាយរបស់សារព័ត៌មានវៀតណាមខាងលេី​ ដែលថាបុរសជនជាតិវៀតណាមឆ្លងចូលវៀតណាមខុសច្បាប់ពីកម្ពុជាមានវីរុសកូរ៉ូណាថ្មី​ នោះ​ គឺមិនត្រឹមត្រូវឡេីយ​ ហេីយក្រសួងសុខាភិបាលកម្ពុជា​ សូមច្រានចោលទាំងស្រុងនូវព័ត៌មានចុះផ្សាយមិនត្រឹមត្រូវរបស់សារព័ត៌មានវៀតណាមឈ្មោះ​ VN Express International ដែលបានចុះផ្សាយថ្ងៃទី២៦​ ខែធ្នូ​ ឆ្នាំ២០២០​ វេលាម៉ោង​ ០៥:៣០​ pm (GMT +7) នេះ។ ក្រសួង​ ស្នេីសុំឲ្យភាគីវៀតណាមគោរពក្រមសីលធ៌មវិជ្ជាជីវ:ឲ្យបានត្រឹមត្រូវ​ និងឲ្យមានការសហការគ្នាល្អក្នូងការផ្តល់ព័ត៌មានឲ្យបានត្រឹមត្រូវ​ មុននឹងមានការចុះផ្សាយជាសាធារណ:​ ដេីម្បីរក្សានូវសេចក្តីថ្លៃថ្នូរ​ កិច្ចសហប្រតិបត្តិការល្អ​ និងមានភាពត្រឹមត្រូវតាមបច្ចេកទេសសុខាភិបាល។
សូមបញ្ជាក់ថា, នេះជាការលើកឡើងពីលោកស្រីវេជ្ជបណ្ឌិត ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា៕

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print