សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានចេញសេចក្តីថ្លែងការណ៍ថាការប្រកួតបាល់ទាត់ពិភពលោកយុវជនអាយុក្រោម២០ឆ្នាំនៅឥណ្ឌូនេស៊ីនិងការប្រកួតបាល់ទាត់ពិភពលោកយុវជនអាយុក្រោម១៧ ឆ្នាំនៅប្រទេសប៉េរូ ត្រូវបានផ្លាស់ប្តូរទៅប្រកួតនៅឆ្នាំ២០២៣ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ។ នេះបើយោងតាមការការចុះផ្សាយរបស់ CNA ដែលដកស្រង់ចេញពីរ៉យទ័រកាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ២០២០នេះ។
FIFA បានសេរសេរនៅក្នុងសេចក្តីថ្លែងការណ៍ថា ជំងឺរាតត្បាតកូវីដ-១៩បន្តបង្ហាញនូវបញ្ហាប្រឈមនានាសម្រាប់ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអន្តរជាតិ និងមានឥទ្ធិពលរឹតត្បិតលើការធ្វើដំណើរអន្តរជាតិ។ដូច្នេះ FIFA ត្រូវសម្រេចចិត្តលើកពេលការប្រកួតក្នុងព្រឹត្តិការណ៍ទាំង២នេះទៅឆ្នាំ២០២៣ដើម្បីការពារសុវត្ថិភាពទាំងអស់គ្នា។
FIFA សូមថ្លែងអំណរគុណដល់សមាគមដែលជាម្ចាស់ផ្ទះក៏ដូចជាអាជ្ញាធរនៅឥណ្ឌូនេស៊ី និងប៉េរូចំពោះការប្តេជ្ញាចិត្តរបស់ពួកគេ និងការរៀបចំត្រៀមការប្រកួតកន្លងមក។
គួរបញ្ជាក់ថា ម្ចាស់ជើងឯក World Cup យុវជនអាយុក្រោម២០ឆ្នាំ (U-20) កាលពីឆ្នាំ២០១៩ គឺបានទៅក្រុមជម្រើសជាតិអ៊ុយក្រែន ដែលប្រទេសប៉ូឡូញជាម្ចាស់ផ្ទះ។ ចំណែកម្ចាស់ជើងឯក World Cup យុវជនអាយុក្រោម១៧ឆ្នាំ (U-17) កាលពីឆ្នាំ២០១៩ បានទៅលើក្រុមជម្រើសជាតិប្រេស៊ីល ដែលប្រេស៊ីលជាម្ចាស់ផ្ទះផ្ទាល់ ៕ដោយ៖ភារៈ