ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការ មិនមានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ ខណៈអ្នកជំងឺចំនួន៤នាក់ថែមទៀត បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា គិតត្រឹមម៉ោង៧ៈ០០នាទី ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៦៤នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៦០នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន៤នាក់។ សម្រាប់អ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» វិញ រកឃើញវិជ្ជមានចំនួន ៤១នាក់ ក្នុងនោះបានជាសះស្បើយ៣៨នាក់ និង៣នាក់ទៀតកំពុងសម្រាកនៅមន្ទីរពេទ្យ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជាសះស្បើយទាំង៤នាក់រួមមាន៖
១- បុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកក៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានទៅហាង Zando សាខាបឹងកេងកង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
២-បុរសកជនជាតិហ៊្សកដានី អាយុ៤៧ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសហ៊្សកដានី បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពី មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
៣-ស្ត្រីជនជាតិជប៉ុន អាយុ២៩ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
៤-ស្ត្រីជនជាតិខ្មែរ-អាមេរិកាំង អាយុ៥៥ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពី មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ៕