ភ្នំពេញ៖ ភោជនីយដ្ឋានមួយដែលមានយីហោ(អឹមហ្វាយ M5) ស្ថិតនៅតំបន់បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណជាង ២០ ម៉ែត្រពីហាង Amazon ត្រូវបានគេលួចបង្កប់លេងល្បែងស៊ីសងយ៉ាងអាណាធិបតេយ្យ។
អ្នកដែលបានទៅកាន់ទីនោះ បានលើកឡើងថា, អ្នកលេងភាគច្រើន ជានាយនគរបាល ជាមួយកម្លាំងកងរាជអាវុធហត្ថ ,ជាយោធា ,និងមួយចំនួនទៀតជាអ្នករកស៊ី និងក្រុមអ្នកលេងទឹកភ្លៀង បានមកប្រមូលផ្តុំគ្នាលេងរាល់ថ្ងៃ ។
ប្រភេទល្បែងនៅទីនោះរួមមាន: ១-វ៉ៃលាស់ស្កា១ផុក៤លានរៀល ! ២-លេងអុងឌូ ១ទឹក២មុឺនរៀល ។ ដោយឡែកអ្នកដែលកាន់កាប់បនលកបែងនេះ គឺឈ្មោះ(ទី) បានជួលបន្ទប់នៅក្នុងភោជនីយដ្ឋាននេះ ដើម្បីធ្វើជាកន្លែងបនល្បែងស៊ីសង។ ក្នុងនោះគេហ៊ានទាំងអះអាងប្រាប់ក្រុមអ្នកដែលចង់លេង មិនត្រូវខ្លាចរអាចំពោះការបង្ក្រាបនោះទេ។ ខណៈអ្នកលេងជាសមត្ថកិច្ចទាំងអស់ ហើយខ្លួនក៏បានចាត់ចែងបង់ឲ្យអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានរួចអស់ហើយ។
ពាក់ព័ន្ធករណីខាងលើនេះ លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ បានប្រាប់អង្គភាព នគរដ្រេហ្គន តាមទូរស័ព្ទថា, សូមអរគុណចំពោះការសួរបែបនេះ ដើម្បីឲ្យខ្ញុំមានវិធានការចុះទៅពិនិត្យជាក់ស្ដែង ឈានដល់ការបង្ក្រាបប្រសិនបើមានករណីនេះមែន។
លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានប្រាប់តាមទូរស័ព្ទឲ្យដឹងផងដែរថា, ខ្ញុំនឹងមានវិធានការបង្រ្កាបរាល់បនល្បែង ទោះនៅកន្លែងណាក៏ដោយ ឲ្យតែក្នុងមូលដ្ឋានខណ្ឌដូនពេញ។ លោកបន្តថា, ខ្ញុំនឹងចុះស្រាវជ្រាវក្នុងរឿងនេះ។
ក្រុមអ្នកលេងនៅទីនោះ បានបញ្ចេញនូវអំនួត ថាសមត្ថកិច្ចមិនអាចចាប់នៅទីតាំងនេះបានទេ ព្រោះមានសមត្ថកិច្ចអ្នកធ្វើការច្រើន អាចនឹងផ្ដល់ព័ត៌មានឲ្យផ្អាក ឬឈប់មួយរយ: ប្រសិនបើមានស្ថានភាពណាមិនល្អ ឬមិនមានអំណោយផល ស្វែងរកការចាប់ពីសមត្ថកិច្ចនោះ៕
ដោយ៖ សិលា