ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត toyota Prius ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្ន បានជ្រុលបុករថយន្ត KIA morning ចតស្ងៀមពីក្រោយ ពេញទំហឹង បណ្តាលឲ្យខ្ទាតជាង១០០ម៉ែត្រ ទៅប៉ះម៉ូតូមួយគ្រឿងទៀត សំណាងល្អនៅក្នុងហេតុការណ៍នេះមិនបង្កឲ្យមានអ្នករងរបួស ។
ហេតុការណ៍នេះកើតឡើងនៅពីម៉ោង ៣ និង ១០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវព្រៃស ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាក តូយ៉ូតា ព្រូស ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AY-8680 ធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រៃស ក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុករថយន្តម៉ាក KIA morning ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-2906 ដែលចតនៅស្ងៀមពីក្រោយពេញទំហឹង បណ្ដាលឲ្យប៉ើងជាង១០០ម៉ែត្រ ខ្ទាតទៅប៉ះម៉ូតូមួយគ្រឿង បណ្ដាលឲ្យរងការខូចខាត សំណាងល្អ មិនមាននរណាម្នាក់រងរបួសនោះទេ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានភាគីទាំងសងខាងសម្របសម្រួល ដោយភាគីខាងរថយន្តបង្កព្រមចេញថ្លៃខូចខាតទាំងអស់ ដើម្បីបញ្ចប់រឿង ៕
ដោយ៖ ជ្រោយពេជ្រ