ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ទម្ងន់៥ គីឡូក្រាម។
ប្រតិបត្តិការនេះធ្វើឡើងកាលពីម៉ោង១និង៣០នាទីរសៀល ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាត ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលេីនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារគ្រឿងញៀន ដឹកនាំមន្ត្រីការិយាល័យជំនាញបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណីនៅក្នុងក្រុងបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ
១-ឈ្មោះទូច សារុំ ភេទប្រុសអាយុ ៥៩ឆ្នាំ រស់នៅភូមិដេីមជ្រៃ ឃុំអូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ។
២-ឈ្មោះសន សារ៉ាត ហៅហេីម ហៅរម្យ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដេីមកូវ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
៣-ឈ្មោះ ហ៊ាង ហូយភេទប្រុស អាយុ ៤៧ឆ្នាំរស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
វត្ថុតាងចាប់យករួមមាន៖ -ថ្នាំញៀន ប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ចំនួន០៥ថង់ មានទម្ងន់០៥គីឡូក្រាម ទូរស័ព្ទដៃចំនួន០១គ្រឿង។
បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចនគរបាលការិយាល័យជំនាញ កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដេីម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ