ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានចូលរួមស្តាប់ និងដោះស្រាយពាក្យបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លីនៅក្នុងស្រុកបន្ទាយស្រី។ សល់តែប៉ុន្មានថ្ងៃទៀត ឆ្នាំ២០២០ នឹងកន្លងផុតហើយ ប៉ុន្តែបញ្ហាវិវាទដីធ្លីនៅតែជាបញ្ហាប្រឈមធំជាងគេមួយ ដែលបង្កផលវិបាកដល់ជីវភាពរស់នៅប្រចាំថ្ងៃ ខាតបង់ឱកាស និងពេលវេលា ទាំងសម្រាប់ប្រជាពលរដ្ឋ និងរដ្ឋបាលមូលដ្ឋានផ្ទាល់ផងដែរ។
លោកអភិបាលស្រុកបានថ្លៃថា, ភាពមិនប្រក្រតីនៃការកាប់ដីគម្រប់ព្រៃឈើ ភាពមិនច្បាស់លាស់នៃព្រំប្រទល់ដីដែលមិនទាន់ចុះបញ្ជី ការលក់បន្តគ្នាពីមួយទៅមួយ ការត្រួតជាន់គ្នានៃឯកសារដីធ្លី និងការអូសបន្លាយរ៊ាំរ៉ៃមកជាច្រើនឆ្នាំ សុទ្ធសឹងតែជាហេតុផលចម្បងដែលធ្វើឱ្យការស្រាវជាវរកសារបាន សាវតា និងការដោះស្រាយជួបឧបសគ្គច្រើន ត្រូវការប្រើពេលយូរ មុននឹងអាចធ្វើការវិនិច្ឆ័យ ឬសន្និដ្ឋានបាន។ ក្នុងឆ្នាំ២០២១ខាងមុខនេះ រដ្ឋបាលស្រុកប្តេជ្ញានឹងបើកយុទ្ធនាការដោះស្រាយបញ្ចប់ ឬបញ្ជូនបន្តទៅស្ថាប័នមានសមត្ថកិច្ច នូវពាក្យបណ្តឹងពាក់ព័ន្ធនឹងបញ្ហាដីធ្លី សរុបជាង១០០ករណី ដែលបាននៅកកស្ទះជាច្រើនឆ្នាំមកហើយ ដើម្បីត្រួសត្រាយផ្លូវដល់ការចុះបញ្ជីជាប្រព័ន្ធ ដែលនឹងធានាភាពរឹងមាំច្បាស់លាស់ និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីដែលមានការការពារដោយមូលដ្ឋានច្បាប់ត្រឹមត្រូវ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ដីធ្លីរបស់ខ្លួនជាទ្រព្យដ៏មានតម្លៃឱ្យអស់សក្តានុពល៕