ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅមុននេះបន្តិច នាយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានមានប្រសាសន៍ថា ខ្ញុំព្រះករុណា ខ្ញុំ តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ពិតមានសេចក្តីរំភើបឥតឧបមានិងចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះសមិទ្ធិផលដំណក់ប្រេងលើកដំបូងបំផុត ក្នុងប្រវត្តិសាស្ត្រជាងពីរពាន់ឆ្នាំ នៃដែនដីសុវណ្ណភូមិរបស់យើង ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងថា ដូចដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ហើយថា នេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាឈានឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល ។
សម្ដេចបានចាត់ទុកថា, ដំណក់ប្រេងដំបូងក្នុងប្រវត្តិសាស្ត្រនេះ ធ្វើឲ្យយើងមានក្តីសង្ឃឹមថានឹងក្លាយជាធនធានដ៏មានតម្លៃដើម្បីបម្រើដល់ការអភិវឌ្ឃ ការក៏សាងជាតិ និងលើកតម្កើងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ៕
ដោយ៖ សុខ ខេមរា