យោធិននារីលំហែមាតុភាព បម្រើការងារក្នុងយោធភូមិភាគទី៥ បានទទួលថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា តែងតែបានយកចិត្តទុក្ខដាក់ និងគិតគូរពីសុខទុក្ខរបស់យោធិននៃកងយោធពលខេមរភូមិន្ទ តាមរយៈការតម្លើងប្រាក់បៀវត្ស ការឧបត្ថម្ភបន្ថែមលើគោលរបបដែលមានស្រាប់ និងការបង្កើតកញ្ចប់គោលនយោបាយផ្សេងៗ គាំទ្រដល់ការងារ និងជីវភាពកងទ័ព។ ប្រាក់ឧបត្ថម្ភដល់យោធិននារីចូលលំហែមាតុភាព ក៏ជាផ្នែកមួយនៃកញ្ចប់ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រួលការលំបាកមួយចំណែក ដល់យោធិននារីក្នុងរយៈពេលសម្រាកធ្វើលំហែមាតុភាព។

កាលព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ លោកស្រី ទឹម ដានិត ឯក សំអូន ប្រធានកិត្តិយសយោធិននារី យោធភូមិភាគទី៥ បាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ថវិការបស់រាជរដ្ឋាភិបាល ជូនយោធិននារី លំហែមាតុភាពចំនួន ១៨នាក់ ដែលក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៨០០ ០០០រៀល ក្នុងនោះដែរលោកស្រីបានបន្ថែមជូនសារុងម្នាក់មួយទៀត។ ពិធីនេះបានប្រារព្ធធ្វើនៅទីបញ្ជាការយោធភូមិភាគទី៥ កងទ័ពជើងគោក (ខេត្ត បាត់ដំបង)។

លោកស្រីបានមានប្រសាសន៍ ពាំនាំការសួរសុខទុក្ខពីសំណាក់ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ ជូនចំពោះយោធិននារីទាំងអស់ និងបានអបអរសាទរចំពោះការទទួលបានសមាជិកថ្មីក្នុងគ្រួសារបន្ថែមទៀតផងដែរ។ លោកស្រីក៏បានផ្ដាំផ្ញើ យោធិននារីទាំងអស់ឱ្យរក្សាអនាម័យ និងការពារខ្លួន ក៏ដូចជាអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមវិធានការនានារបស់ក្រសួងសុខាភិបាលដើម្បីឱ្យឆ្លងផុតពីការចម្លងជំងឺកូវីដ-១៩។

ស្ថិតក្នុងឱកាសនោះ យោធិននារីទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ រាជរដ្ឋាភិបាល និងលោកជំទាវ ដែលបានឆ្លៀតឱកាសអញ្ជើញជួបសួរសុខទុក្ខ និងនាំយកថវិការបស់រាជរដ្ឋាភិបាល ក៏ដូចជាអំណោយផ្ទាល់ខ្លួនរបស់លោកស្រីផ្ដល់ជូនពួកគាត់សម្រាប់ដោះស្រាយការលំបាកនាពេលនេះ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print