រដ្ឋាភិបាលប៉ាគីស្ថានបានបញ្ជាទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ចំនួន ១,២លានដូសពីប្រទេសចិន ហើយក្រុមហ៊ុនផលិតឱសថចិននឹងផ្តល់ជូននៅត្រីមាសទី១ឆ្នាំ២០២១នេះ។ តាមកិច្ចព្រមព្រៀង ប៉ាគីស្ថានបានចំណាយប្រាក់ដល់ទៅ១៥០លានដុល្លារសម្រាប់ទិញវ៉ាក់សាំង។ កិច្ចព្រមព្រៀងទិញវ៉ាក់សាំងបានចុះហត្ថលេខាជាមួយក្រុមហ៊ុនឱសថ Sinopharm របស់ចិនតាំងពីដើមខែធ្នូ។
រដ្ឋមន្ត្រី បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ប៉ាគិីស្ថាន លោកChaudhry Fawad Hussain បានប្រកាសថា វ៉ាក់សាំងដែលទិញមកពីប្រទេសចិន នឹងចាក់ជូនពលរដ្ឋបាន៥ភាគរយដែលជាអ្នកងាយរងគ្រោះជាងគេដោយកូវីដ-១៩។ បច្ចុប្បន្នចិនបានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ជាផ្លូវការ ដោយវ៉ាក់សាំងនេះមានប្រសិទ្ធភាព ៧៩,៣ភាគរយ។
កាលពីដើមខែធ្នូ រដ្ឋាភិបាលប៉ាគីស្ថានបានបង្កើតមូលនិធិដែលមានទឹកប្រាក់១៥០លានដុល្លារដើម្បីទិញវ៉ាក់សាំងចាក់ជូនពលរដ្ឋងាយរងគ្រោះដូចជាគ្រូពេទ្យនិងមនុស្សចាស់។ ប៉ុន្តែរដ្ឋាភិបាល មិនបានបញ្ជាក់ថាទិញវ៉ាក់សាំងពីប្រទេសណាឡើយ ទើបតែពេលនេះបានប្រកាសថាទិញពីប្រទេសចិន។
បច្ចុប្បន្នប៉ាគិីស្ថានស្ថិតនៅក្នុងដំណាក់កាលទីពីរនៃការឆ្លងរាលដាលកូវីដ-១៩ ។ គិតមកដល់ថ្ងៃទី៣១ ខែធ្នូ ប៉ាគីស្ថានមានករណីស្លាប់ដោយកូវីដ-១៩ជាង១ម៉ឺននាក់ហើយ។ ចំណែកអ្នកឆ្លងវិញគីមានដល់ទៅជាង៤៧៩ពាន់នាក់ ឈរលំដាប់ទី៧ ក្នុងតំបន់អាស៊ាន៕