កាលពីព្រេងនាយ មានបុរសពីរនាក់ បានធ្វើកងការកុសលជាមួយគ្នា លុះបុរសទាំងពីររំលាងខន្ធទៅ បុរសម្នាក់បានទៅកើតជាព្រះឥន្ទ្រ. បុរសម្នាក់ទៀតទៅកើតជាបុរសកម្សត់ មានប្រពន្ធ ក្រលំបាកណាស់ រកស៊ីនេសាទដាក់លបយកត្រី ជាអម្រស់អម្រចិញ្ចឹមជីវិត ។ គ្រា១ ព្រះឥន្ទ្របានបើកទិព្វចក្ខុ ទតឃើញបុរសនោះ វេទនាលំបាកដូច្នោះ មានសេចក្ដីអាសូរករុណា វេលាយប់ព្រះឥន្ទ្រយកមាស៣ដុំ ទៅដាក់ក្នុងលបបុរសនោះ ។ លុះព្រឹកឡើង បុរសនោះទៅលើកលបមើល ឃើញមាសមិនស្គាល់ជាមាស សម្គាល់ថាជាថ្ម ក៏ចោលទៅក្នុងទឹក ហើយដាក់លបទៅក្នុងទឹកវិញ ។ បុរសបានមើលលបទៀតគម្រប់៣ ដង ។ ព្រះឥន្ទ្រយកមាសដាក់ក្នុងលបដូចមុនទៀត ។ បុរសឃើញដូច្នោះ នឹកខឹង ក៏ចងមាសទាំង៣ ដុំនោះពុនយកទៅធ្វើជាថ្មជើងក្រានដាំបាយ ។ ប្រពន្ធបុរស មិនស្គាល់មាស ក៏យកដុំមាសនោះទៅធ្វើជាថ្មជើងក្រានតាមបង្គាប់ប្ដី ។
ក្រោយនោះ មានព្រះរាជអាជ្ញាមកទារពន្ធ មើលទៅឃើញដុំមាស ដែលបុរសនោះធ្វើថ្មជើងក្រាន ក៏ឲ្យបុរសយកមាស ៣ ដុំនោះបង់ពន្ធ ដែលបុរសនោះ ជំពាក់រាជការ ។ បុរសនោះ នឹកអរណាស់ ដោយខ្លួនទ័លក្រ ហើយព្រះរាជអាជ្ញា យកដុំថ្មជើងក្រានដូច្នោះ ក៏ព្រមតាម បានប្រគល់ថ្មជើងក្រានទាំង ៣ ដុំនោះទៅឲ្យព្រះរាជអាជ្ញាភ្លាម ។ លុះព្រះអាជ្ញាបានដុំមាសពីបុរសនោះហើយ ក៏យក ១ ដុំទៅ ថ្វាយព្រះមហាក្សត្រ ។ លុះទ្រង់សាកសួរពីហេតុផលបានមាសនោះ ព្រះរាជអាជ្ញាទូលតាមដំណើរ ។ ស្ដេចទ្រង់ជ្រាបថា មានមាសពីបុរសដូច្នោះ ទ្រង់ឲ្យហៅបុរសនោះ ៗ ទៅដល់ទ្រង់សាកសួរទៀត ។ បុរសក្រាបទូលថា «មាសរបស់ខ្លួន ៣ ដុំបានជូនមកព្រះរាជអាជ្ញាហើយ» ។ ស្ដេចឲ្យទារយកមាស ២ ដុំពីព្រះរាជអាជ្ញានោះ ហើយទ្រង់បង្គាប់ឲ្យបុរសនោះ រកមាសមកថ្វាយព្រះអង្គថែមទៀត ។ បុរសនោះក្រាបទូលថា «រកមាសទៀតពុំបានទេ» ។ ស្ដេចទ្រង់ឲ្យយកបុរសនោះ ទៅឃុំ ។ ព្រឹកឡើង នាយតម្រួតដែលជាអ្នករក្សានោះ ប្រើឲ្យធ្វើការដោយជេរស្ដីបុរសនោះ ។ លុះទ្រង់ជ្រាបដល់ស្ដេច ៗ ទ្រង់ឲ្យហៅបុរសនោះ មកសួរពីហេតុធ្វើការឲ្យមានទាស់ចិត្តនាយតម្រួត ។ បុរសនោះក្រាបទូលថា « ទូលព្រះបង្គំមានសេចក្ដីតប់ប្រមល់នៅក្នុងខ្លួនខ្លាំងណាស់» ។ ស្ដេចក៏មានព្រះបន្ទូលថា «បើដូច្នោះ ត្រូវចៅឯងរកសត្វតប់ប្រមល់នោះមកឲ្យអញ បើឯងរកពុំបានទេ អញនឹងឲ្យពិឃាដឯង ក្នុងគ្រានេះ» ។ បុរសឮដូច្នោះក៏ភ័យ គិតថា «មុខជាស្លាប់ហើយក្នុងគ្រានេះ មិនដឹងជាទៅរកសត្វតប់ប្រមល់ឯណាទេ» តែមិនហ៊ានប្រកែក ដោយខ្លាចអំណាចស្ដេច ក៏ក្រាបបង្គំលាស្ដេចដើរចេញទៅ ដោយបំណងថា នឹងដើរឲ្យស្លាប់ក្នុងព្រៃ លុះដើរចូលព្រៃឆ្ងាយទៅ ។ ព្រះឥន្ទ្រ បើកព្រះនេត្រទិព្វមកឃើញបុរសនោះមានសេចក្ដីវេទនា លំបាកដូច្នោះ ក៏និម្មិតជាអាស្រម ១ នៅខាងមុខទីដែលបុរសដើរទៅ ហើយព្រះឥន្ទ្រកាឡាខ្លួនធ្វើជាព្រះមហាឥសី ។ បុរសមើលទៅឃើញអាស្រមដូច្នោះ ក៏មានចិត្តត្រេកអរ ដើរចូលទៅថ្វាយបង្គំឥសីក្នុងអាស្រមនោះ ។ ឥសីសួរថា «ចៅមានហេតុអ្វី?» ។ បុរសនោះ ទូលឥសីតាមដំណើរ ដែលស្ដេចឲ្យរកសត្វតប់ប្រមល់ យកទៅថ្វាយ ។ ឥសីថា «ចៅកុំព្រួយ» រួចឥសីបានយកបំពង់ពក ១ មកសែកមន្តវិជ្ជាសិល្បសាស្ត្រកើតជាខ្លា សិង្ហ ដំរី ពស់ រមាស សុទ្ធតែជាសត្វសាហាវទាំងអស់ ហើយឥសីដែលជប់បង្រួញសត្វទាំងនោះ ច្រកក្នុងបំពង់ពក ប្រគល់បំពង់ពកនោះ ឲ្យទៅបុរស រួចផ្ដាំថា «ឲ្យយកទៅថ្វាយស្ដេច ប៉ុន្តែមុននឹងបើកឆ្នុក ឲ្យស្ដេចប្រមូលព្រះរាជវង្សានុវង្សមកជួបជុំ ហើយបិទទ្វារវាំងឲ្យជិត សឹមបើកឆ្នុកមើល ព្រោះសត្វនោះរត់រហ័សណាស់» ។
លុះបុរសនោះទទួលបណ្ដាំឥសីស្រេចហើយ ក៏នាំយកសត្វដែលច្រកក្នុងបំពង់ពក ទៅថ្វាយស្ដេច ក្រាបទូលថា «ទូលព្រះបង្គំរកសត្វតប់ប្រមល់បានហើយ នៅក្នុងបំពង់ពកនេះ « ហើយក៏ទូលតាមដំណើរ ដែលឥសីផ្ដាំមក ។ ស្ដេចឲ្យប្រមូលព្រះរាជវង្សានុវង្សជួបជុំហើយ ទ្រង់ចាត់ការបិទទ្វារកំពែងវាំងស្រេច ទ្រង់ឲ្យអមាត្យបើកឆ្នុកបំពង់ពកនោះ ។ ខ្លា ដំរី សិង្ហ រមាស ពស់ ក៏ចេញពីក្នុងបំពង់ពកមកខាំ ស្ដេចនិងព្រះរាជវង្សានុវង្សទាំងនោះ ឲ្យដល់នូវមរណភាពអស់ទៅ ។
ក្រោយមក ពួកអ្នកនគរបានឃើញបុរសនោះមានរឹទ្ធានុភាពដូច្នោះ ក៏រៀបអភិសេកបុរសនោះ ឲ្យឡើងសោយរាជសម្បត្តិ ជាព្រះមហាក្សត្រក្នុងនគរនោះទៅ ។
សត្វទាំងឡាយ ក៏លាស្ដេចបុរសនោះ ចូលទៅនៅព្រៃ ផ្ដាំថា «បើស្ដេចមានភ័យ ឬមានការអ្វី គ្រាន់តែនឹកដល់ នឹងមកជួយយកអាសាជាដរាប» ៕
(កម្លាំងអ្វី មិនស្មើកម្លាំងកម្ម)
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)