បើកដំណើរការឡើងវិញ នូវអាជីវកម្មក្លឹបហាត់ប្រាណ និងការប្រកួតលីគ,ក្រុមជម្រើសជាតិ,នេះបើតាមក្រសួងអប់រំ ចេញសេចក្តីជូនដំណឹងជាផ្លូវការ

ចែករំលែក៖

ពេញ៖ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសស្ដីពី ការបើកដំណើរការឡើងវិញ នូវអាជីវកម្មក្លឹបហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព ការប្រកួតលីគ និងការប្រមូលផ្ដុំ របស់ក្រុមជម្រើសជាតិជាជំហានៗ។

ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា ក្រោយព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបានបញ្ចប់ក្រសួងអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវអាជីវកម្ម ក្លឹបហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព ការប្រកួតលីគ និងការប្រមូលរបស់ក្រុមជម្រើសជាតិជាជំហានៗ ដើម្បីលើកកម្ពស់សុខភាព និងការហាត់ហ្វឹកហ្វឺន ពង្រឹងបច្ចេកទេស និងគុណផលរបស់កីឡាករ កីឡាការិនីសម្រាប់ត្រៀមលក្ខណៈឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ដោយត្រូវគោរពតាមវិធានសុវត្តិភាព សុខភាព របស់ក្រសួងសុខាភិបាល ឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ ដូចខាងក្រោម៖

* ១៖ ត្រូវអនាម័យជាប្រចាំ ដោយលាងសំអាតដៃនឹងសាប៊ូ ទឹកអាល់កុល ដែលសម្លាប់មេរោគពាក់ម៉ាស និងវាស់កម្តៅ

* ២៖ រក្សាគម្លាតសុវត្ថិភាពបុគ្គល ១.៥ម៉ែត្រ

* ៣៖ ទីកន្លែងហ្វឹកហាត់ ហាត់ប្រាណ និងកន្លែងលេងកីឡាត្រូវបាញ់ថ្នាំសម្លាប់មេរោគ និងធ្វើអនាម័យជាប្រចាំ

* ៤៖ ទីកន្លែងហ្វឹកហាត់ ហាត់ប្រាណ និងកន្លែងលេងកីឡា ត្រូវណែនាំឲ្យអ្នកចូលហាត់ប្រាណ និងលេងកីឡា ចុះឈ្មោះ ផ្តល់លេខទូរស័ព្ទ និងអាសយដ្ឋានច្បាស់លាស់សម្រាប់ទំនាក់ទំនង

* ៥៖ ត្រូវធានាថាកន្លែងហ្វឹកហាត់ ហាត់ប្រាណ និងលេងកីឡា មិនមែនជាកន្លែងឆ្លងកូវីដ១៩។

ជាមួយគ្នានោះ ក្រសួងអប់រំ សង្ឃឹម និងជឿជាក់ថា លោក លោកស្រីប្រធានសហព័ន្ធកីឡាជាតិ អាជីវកម្មក្លឹបហាត់ប្រាណ និងអង្គភាពពាក់ព័ន្ធទាំងអស់ នឹងចូលរួមសហការអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាល ប្រកបដោយការទទួលខុសត្រូវខ្ពស់៕ដោយ៖សហការី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print