ខេត្តកំពង់ចាម៖ ខណៈដែលប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ដោយសារគុណបំណាច់ នៃសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូច្នេះហើយទើបអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ចាត់ចែងជាងចម្លាក់ ឆ្លាក់ជាអក្សរផុសពាក្យថា «អរគុណសន្តិភាព» លើដើមឈើទាលមួយដើម ក្នុងក្រុងកំពង់ចាម។
ជាក់ស្តែងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០ ដើមឈើនេះ ត្រូវបើកសម្ពោធដាក់តាំងបង្ហាញ ដល់ប្រជាពលរដ្ឋបានទស្សនា ក្នុងអត្ថន័យឲ្យប្រជាពលរដ្ឋទាំងអស់ ចេះស្រលាញ់ និងចេះនាំគ្នាថែរក្សាសុខសន្តិភាព ឲ្យបានគង់វង្សផងដែរ។
ម្យ៉ាងទៀត ពាក្យថាសន្តិភាពនេះដែរ បើយោងតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត មានន័យថា ជាដំណើរនៃសេចក្តីសុខសាន្តត្រាណ ជាមធ្យោបាយនៃការធ្វើឲ្យមានសេចក្តីស្ងប់ចិត្ត និងការផ្សះផ្សាអធិករណ៍ដោយសន្តិវិធី។
គួររម្លឹកថា រដ្ឋបាលខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ លោក អ៊ុន ចាន់ដា លោកបានចាត់ឲ្យមន្រ្តីរដ្ឋបាលព្រៃឈើ រៀបចំចាត់ចែងជាងចម្លាក់ ឆ្លាក់ជាអក្សរផុស គឺពាក្យ អរគុណសន្តិភាព លើដើមឈើទាល ដែលមានអាយុរាប់រយឆ្នាំមកហើយ ដើមឈើនោះ មានទំហំប្រហែល ២ អោប ដុះអមផ្លូវជុំវិញសាលាខេត្ត ដែលបានងាប់ដោយសាអាយុកាល។
ប៉ុន្តែយ៉ាងណាក៏ដោយពេលនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏ប្រារព្ធពិធីសម្ពោធជាផ្លូវការ ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា ដើម្បីដាក់ឲ្យប្រជាជនបានទស្សនា នឹងឲ្យកាន់តែយល់ជ្រួតជ្រាបអំពីគុណតម្លៃនៃ សុខសន្តិភាព៕
ដោយ៖សហការី