មានករណីវាយប្រហារកើតឡើងនៅក្នុងភូមិ Tingwe ស្រុកEringeti ប្រទេសកុងហ្គោកាលពីថ្ងៃទី១ខែមករាឆ្នាំ២០២១ ។ កម្លាំងសម្ពន្ធភាពប្រជាធិបតេយ្យ (ADF) ជាអ្នកវាយប្រហារ។ ក្រុម(ADF) ជាក្រុមអ៊ិស្លាមជនជាតិអ៊ុយហ្គង់ដា ក្លាយជាការគំរាមកំហែងនៅតំបន់ភាគខាងកើតប្រទេសកុងហ្គោ។
លោក Njiamojaមន្ត្រីក្នុងតំបន់បានឲ្យដឹងថា កម្លាំងជួយសង្គ្រោះបានរកឃើញសាកសពជាច្រើន នៅក្នុងព្រៃ។ ជនរងគ្រោះភាគច្រើនជាកសិកររងការវាយប្រហារពេលធ្វើដំណើរទៅធ្វើការ។ ជនរងគ្រោះជាច្រើនត្រូវគេកាត់ក្បាល ហើយខ្លះទៀតត្រូវចាប់ធ្វើជាចំណាប់ខ្មាំង។
លោក Donat Kibwana មន្ត្រីគ្រប់គ្រងតំបន់ Beni បាននិយាយទៅកាន់សារព័ត៌មានរ៉យ
ទ័រថា កម្លាំងទាហានកុងហ្គោទៅយាមល្បាតក៏ប្រទះឃើញសាកសពជនរងគ្រោះជាច្រើន ។
តាមតួលេខរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា មានពលរដ្ឋដល់ទៅជាង១ពាន់នាក់ ស្លាប់ក្នុងការវាយប្រហារពីក្រុមADF ក្នុងរយៈពេល២ឆ្នាំកន្លងមក គឺឆ្នាំ២០១៩ និង២០២០ ។តំបន់ព្រំដែន ប្រទេសកុងហ្គោ និងអ៊ុយហ្គង់ដា ធ្លាក់ក្នុងអំពើហិង្សាដោយការវាយប្រហារ ។
ក្រុមភេរវកម្មរដ្ឋអ៊ិស្លាម តែងតែប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មនាពេលកន្លងមក។ នៅពេលនេះគេមិនទាន់ដឹងថា ក្រុមភេរវកម្ម រដ្ឋអ៊ិស្លាមនិងក្រុមADF មានទំនាក់ទំនងគ្នាបែបណាឡើយ៕