នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មកទល់ថ្ងៃនេះ ថ្ងៃទី៣ខែមករាឆ្នាំ ២០២១គឺគម្រប់១ឆ្នាំថ្ងៃដែលមេទ័ពSoleimaniរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅអាកាសយានដ្ឋានអន្តរជាតិប្រទេសអុីរ៉ាក់។ រដ្ឋាភិបាលអុីរ៉ង់បានរៀបចំពិធីបុណ្យខួប១ឆ្នាំនៅទីក្រុងKerman ។
កាលពីថ្ងៃទី៣ខែមករាឆ្នាំ២០២០ មេទ័ពជនជាតិ ឃឺដ(Quds) ត្រូវបានយន្តហោះគ្មានមនុស្សបើករបស់អាមេរិកវាយប្រហារបណ្តាលឱ្យស្លាប់នៅនឹងកន្លែង។ ជាមួយគ្នានោះក៏មានមេទ័ពរងធ្វើដំណើរទៅជាមួយផងដែរ គឺលោកAbu Mahdi al-Muhandis ក៏ត្រូវស្លាប់ក្នុងការវាយប្រហារនោះដែរ។
នៅថ្ងៃទី៣ខែមករាឆ្នាំ២០២១ ពលរដ្ឋអុីរ៉ង់ជាច្រើនបានទៅកាន់ទីតាំងគោរពវិញ្ញាណក្ខន្ធអតីតមេទ័ពដែលអាមេរិកសម្លាប់។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺជាអ្នកបញ្ជាដោយផ្ទាល់ក្នុងការវាយប្រហារសម្លាប់មេទ័ពអុីរ៉ង់។
ការវាយប្រហារសម្លាប់មេទ័ព ជាដើមហេតុធ្វើឲ្យទំនាក់ទំនងអាមេរិកនិងអុីរ៉ង់កាន់តែតានតឹងខ្លាំងឡើងស្ទើរតែផ្ទុះសង្គ្រាម។ ក្រោយការវាយប្រហារសម្លាប់មេទ័ពបាន៥ថ្ងៃគឺនៅថ្ងៃទី៨ខែមករា អុីរ៉ង់បានប្រើមីស៊ីលរាប់សិបដើមបាញ់ទៅលើទីតាំងយោធាមេរិកក្នុងប្រទេសអុីរ៉ាក់ ។ នៅថ្ងៃនោះដែរ អុីរ៉ង់ក៏បានបាញ់ច្រឡំយន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន សម្លាប់អ្នកដំណើរ ១៧០នាក់ ។
នៅចុងឆ្នាំ២០២០ កន្លងមក បិតាវិទ្យាសាស្ត្របរមាណូអុីរ៉ង់ ក៏រងការធ្វើឃាតនៅក្នុងទឹកដីអុីរ៉ង់តែម្តង ហើយរដ្ឋាភិបាលអុីរ៉ង់បានទម្លាក់កំហុសឲ្យអាមេរិក និងអុីស្រាអែលជាអ្នកនៅពីក្រោយការសម្លាប់នោះ៕
ដោយ៖ធី រីណា(រូបភាព៖Reuters)