លោក វ៉ាត់ ចំរើន : ទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី២៥ គ្រោងរៀបចំសាជាថ្មី

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសគ្រោងរៀបចំសាជាថ្មី នៃទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង អន្តរជាតិអង្គរលើកទី២៥ ឆ្នាំ២០២០នៅខេត្តសៀមរាបដែលត្រូវបានពន្យារពេលកាលពីថ្មីៗមករៀបចំនៅអំឡុងដើមឆ្នាំ២០២១ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដោយជោគជ័យ កាលពីពេលថ្មីនេះ។

ជុំវិញគម្រោងរៀបចំព្រឹត្តិការណ៍កីឡា ទេសចរណ៍នេះដែរ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានបញ្ជាក់ថា ជាការណ៍ពិត បច្ចុប្បន្នគណៈកម្មាធិការរៀបចំបាននិងកំពុងធ្វើការជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យលទ្ធភាព រៀបចំឡើងវិញ ដោយគោរពតាមវិធាន ក្រសួងសុខាភិបាល និងតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ក្រោយបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាកាលពីថ្មីៗនេះ។
គួរបញ្ជាក់ថា ដំបូងឡើយទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៥ នៅខេត្តសៀមរាប គ្រោងរៀបចំ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០។ តែក្រោយផ្ទុះនូវព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ស្របពេលមានការណែនាំអំពីការផ្អាកសកម្មភាពជួបជុំមនុស្សដើម្បីបង្ការជំងឺកូវីដ-១៩ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏សម្រេចលើកពេលព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ។

ចំពោះកាលបរិច្ឆេទថ្មី ឬការរៀបចំសាជាថ្មី អាចនឹងដំណើរការបានវិញ ឬអត់ គណៈកម្មការរៀបចំ នឹងជូនដំណឹងនាពេលក្រោយ។ យ៉ាងណាមិញ លោក វ៉ាត់ ចំរើន ធ្លាប់បានសង្កត់ធ្ងន់ថា ទោះបីព្រឹត្តិការណ៍នេះត្រូវរៀបចំក៏ត្រូវធ្វើក្រោមរបត់ថ្មីដែរ ហើយត្រូវកាត់កម្មវិធីជាច្រើនដើម្បី ធានាសុវត្ថិភាព និងបង្ការការរីករាលដាល នៃជំងឺកូវីដ-១៩។ ជាក់ស្ដែងកម្មវិធី ប្រមូលផ្ដុំ និងកម្មវិធីជាច្រើនត្រូវកាត់ចេញ ហើយការរត់ក៏ត្រូវធ្វើក្នុងរបៀបរបបរក្សាគម្លាតថ្មី ហើយអ្នកចុះឈ្មោះទាំងអស់សុទ្ធតែត្រូវបានកំណត់អត្តសញ្ញាណ ដើម្បីងាយស្រួលគ្រប់គ្រងនៅពេលមានបញ្ហាណាមួយកើតឡើងទៀតផង៕ ដោយ,សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print