លោកស្រី Nancy Pelosi ប្រធានរដ្ឋសភាអាមេរិក បន្តទទួលបានការបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋសភា ដោយទទួលបានសំឡេងគាំទ្រដល់ទៅ២១៦ លើសបេក្ខភាពមកពីគណបក្សសាធារណរដ្ឋលោក Kevin McCarthy តែ៧សំឡេងប៉ុណ្ណោះ។ បេក្ខភាពមកពីគណបក្សសាធារណរដ្ឋទទួលបានការគាំទ្រ ២០៩ សំឡេង។ បណ្តាតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃទី៣ខែមករាឆ្នាំ២០២១ បានបន្តបោះឆ្នោតគាំទ្រលោកស្រី Nancy Pelosi កាន់តំណែងប្រធានរដ្ឋសភាដដែល។ នេះជាការកាន់តំណែងអាណត្តិទី៤ហើយរបស់លោកស្រី ក្លាយជាប្រវត្តិសាស្ត្រអាមេរិកដែលកាន់តំណែងយូរបំផុត។ ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានឲ្យដឹងថា ភារកិច្ចដែលត្រូវធ្វើនាពេលនេះ គឺ ត្រូវយកឈ្នះកូវីដ-១៩ ។ លោកស្រីបន្តទៀតថា ក្នុងចំណោមសមាជិករដ្ឋសភាស្ត្រីដល់ទៅ ១២២នាក់ គឺជាប្រវត្តិសាស្ត្រ មិនធ្លាប់មានរយៈពេល ១០០ឆ្នាំកន្លងមក។ លោកស្រី Nancy Pelosi បានបង្កើតប្រវត្តិសាស្ត្រ ក្លាយជាស្ត្រីដំបូងគេបង្អស់ធ្វើជាប្រធានរដ្ឋសភា ក្នុងឆ្នាំ២០០៧ដល់ឆ្នាំ២០១១ ។ នៅពេលនេះលោកស្រីបានបង្កើតប្រវត្តិសាស្ត្របន្ថែម ដោយបន្តជាប់ឆ្នោតជាប្រធានរដ្ឋសភាក្នុងអាណត្តិទី៤។ ចាប់តាំងពីឆ្នាំ១៩៨៧ នៅពេលបោះឆ្នោតចូលក្នុងរដ្ឋសភា លោកស្រីបានអនុម័តច្បាប់ ហាមប្រាមស្ត្រីរំលូតកូន។ លោកស្រីក៏បានជំរុញឲ្យផ្តល់ជំនួយដល់ក្រុមអ្នកក្រីក្រ ពិការភាព ហើយដំឡើងពន្ធចំពោះក្រុមអ្នកមាន ។ លោកស្រីក៏ជាអ្នកគាំទ្រដល់សិទ្ធិភៀសខ្លួន មករស់នៅអាមេរិកផងដែរ៕ ធី រីណា