រដ្ឋាភិបាលរុស្ស៊ី បានស្នើផ្តល់“ លិខិតឆ្លងដែនវ៉ាក់សាំង” ជូនពលរដ្ឋដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩រួចរាល់ ដែលជាសកម្មភាពទប់ស្កាត់ការឆ្លងក្នុងពេលធ្វើដំណើរទៅក្រៅប្រទេស។ បណ្តាញទូរទស្សន៍ RT បានផ្សាយថា ប្រធានាធិបតីពូទីនបានស្នើដល់មន្ត្រីទទួលខុសត្រូវផ្តល់លិខិតបញ្ជាក់ថាបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់ពលរដ្ឋរូបណាដែលបានចាក់រួចរាល់ ក្នុងគោលដៅធ្វើដំណើរចេញពីប្រទេសរុស្ស៊ី ទៅកាន់ប្រទេសផ្សេងទៀតជុំវិញពិភពលោក។ នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin ទទួលភារកិច្ចក្នុងការអនុវត្តសំណើខាងលើរបស់ប្រធានាធិបតីពូទីន ។ការផ្តល់លិខិតបញ្ជាក់ពីការប្រើប្រាស់វ៉ាក់សាំងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែមករាឆ្នាំ២០២១។ សមាគមអាកាសចរណ៍អន្តរជាតិ តំណាងឲ្យក្រុមហ៊ុនអាកាសចរណ៍ចំនួន២៩០ក្រុមហ៊ុននៅលើពិភពលោកបានគាំទ្រដល់គំនិតផ្តល់ «លិខិតឆ្លងដែនវ៉ាក់សាំង»ជូនពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ ដែលអាចធ្វើដំណើរទៅក្រៅប្រទេសបាន ដោយមិនបារម្ភពីការឆ្លងកូវីដ-១៩។ នៅពេលដែលពលរដ្ឋមាន«លិខិតឆ្លងដែនវ៉ាក់សាំង»គឺអាចធ្វើដំណើរតាមយន្តហោះបាន។ ចំណែកអ្នកមិនទាន់ចាក់វ៉ាក់សាំងនឹងមិនអាចធ្វើដំណើរបានឡើយ ។ នៅថ្ងៃទី១១ខែសីហាឆ្នាំ២០២០រុស្ស៊ីបានអនុម័តចាក់វ៉ាក់សាំងដំបូងគេបង្អស់លើពិភពលោក។ គិតមកទល់ពេលនេះមានពលរដ្ឋរុស្ស៊ី៨សែននាក់ហើយបានចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩។ នៅពេលនេះរុស្ស៊ីបានបង្កើនការចាក់វ៉ាក់សាំងជូនពលរដ្ឋដោយបង្កើតទីតាំងចាក់វ៉ាក់សាំងចំនួន៧០កន្លែងនៅទូទាំងប្រទេស៕
ដោយ ធីរីណា