រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ យើងខ្ញុំចង់ឃើញបងប្អូនប្រជាពលរដ្ឋមានចំណូលខ្ពស់ មានជីវភាពធូរធារ និងចូលរួមកាន់តែសកម្មក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដែលយើងមាន

ចែករំលែក៖

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចូលរួមវេទិកាសាធារណៈ ពិភាក្សាលើករណីប្រជាជនកាន់កាប់អាស្រ័យផលក្នុងដែនជំរកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក» ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលរៀបចំឡេីងនៅទីចាត់ការដែនជម្រកសត្វព្រៃបឹងពែរ​ ភូមិអូពោធិ៍​ ឃុំរមណីយ៍​ ស្រុករវៀង​ ខេត្តព្រះវិហារ​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន​ លោកសមាជិកគណៈកម្មាការទី៣នៃព្រឹទ្ធសភា និងរដ្ឋសភា អាជ្ញាធរខេត្តព្រះវិហារ​ និងខេត្តសៀមរាប​ មន្ទីរពាក់ព័ន្ធ​ កងកម្លាំងទាំងបី​។ 

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំ​ និងពន្យល់បកស្រាយជូនដល់ប្រជាពលរដ្ឋ សូមកុំបន្តមានទំនាស់ដីធ្លី កើតឡើងបន្តទៀត គឺត្រូវចូលរួមការពារ​ និងអភិរក្សព្រៃឈើ សត្វព្រៃដែលមាននៅក្នុងតំបន់នោះទាំងអស់គ្នា។ លោករដ្ឋមន្ត្រីបានសំណូមពរឱ្យប្រជាលរដ្ឋផ្លាស់ប្តូរមុខរបរដែលធ្លាប់បរបាញ់សត្វមកជាការចូលរួមចិញ្ចឹមសត្វជំនួសវិញ  ព្រោះការបរបាញ់សត្វព្រៃជាអំពេីល្មេីសច្បាប់​ ប្រឈមនិងទោសទណ្ឌចំពោះមុខច្បាប់។ លោករដ្ឋមន្ត្រីបានផ្តល់ជម្រើសជូនប្រជាពលរដ្ឋក្នុងការចិញ្ចឹមសត្វយកសាច់ដូចជាគោ ក្របី ហើយជាពិសេសនោះគឺសត្វចៀម និងពពែ ជាសត្វដែលចិញ្ចឹមក្នុងព្រៃសហគមន៍បានយ៉ាងងាយស្រួល ដោយគ្រាន់តែចំណាយពេលវេលាតិច ចំណេញច្រើន។ 

លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា យើងខ្ញុំចង់ឃើញបងប្អូនប្រជាពលរដ្ឋមានចំណូលខ្ពស់ មានជីវភាព ធូរធារ ហើយនៅពេលបងប្អូនប្រជាពលរដ្ឋមានបាន នោះនឹងមានការចូលរួមកាន់តែសកម្មក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដែលយើងមាន។ 

ប្រជាពលរដ្ឋដែលបានមកចូលរួម បានសំណូមពរដល់លោករដ្ឋមន្ត្រី សូមធ្វេីការដោះដូរដីដែលបច្ចុប្បន្នពួកគាត់បានកំពុងអាស្រ័យផលលើដីសហគមន៍ និងខ្លះទៀតជាប់ដីសហគមន៍ ដោយមានសត្វព្រៃបំផ្លាញដំណាំរបស់ពួកគាត់។ ក្រោយពីពិភាក្សារួចមក លោកបានផ្ដល់យោបល់ល្អៗដល់ពួកគាត់ ហើយនឹងរៀបចំដីបំរុងទុកសម្រាប់ដោះដូរជូនពួកគាត់ ដោយត្រូវនៅជិតនឹងសេវាសាធារណៈ មន្ទីពេទ្យ សាលារៀន និងវត្តអារាម ដើម្បីឱ្យពួកគាតរស់នៅដោយមានភាពងាយស្រួល។

លោករដ្ឋមន្រ្តី បានជំរុញឱ្យមានការកំណត់ព្រំប្រទល់តំបន់ដែនជម្រកសត្វព្រៃឱ្យបានលឿន​ ពង្រឹង​ការអប់រំប្រជាពលរដ្ឋ​ លេីកទឹកចិត្តឱ្យកូនចៅប្រជាពលរដ្ឋបានរៀនសូត្រទាំងអស់គ្នានិងស្នេីឱ្យដាំដេីមឈេីដែលឆាប់បានទទួលផល​ ដូចជាដំណាំអាកាស្យាជាដេីម៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print