ខេត្តស្វាយរៀងះ យោងតាមលោក ស៊ូម៉ុល អភិបាលស្រុករមាសហែកបានឱ្យដឹងថា នៅរសៀលថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២១នេះពលករចំណាកស្រុកមកពីប្រទេសថៃ៣៧នាក់ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញបន្ទាប់ពីធ្វើចត្តាឡីស័កកម្រិត២នៅទីតាំងការិយាល័យកសិកម្មស្រុករមាសហែករយៈពេល១៤ថ្ងៃហើយអវិជ្ជមានកូវីដ-១៩ នៅភូមិគ្រញូង ឃុំ មុខដា ស្រុករមាសហែក។
លោកបន្តថា ចំណែកឯពលករដែលបន្តធ្វើចត្តាឡីស័កកម្រិត២នៅទីតាំងការិយាល័យកសិកម្មស្រុកបន្តទៀតមានចំនួនសរុប៣៨នាក់ ស្រី ចំនួន១៧នាក់ ប៉ុន្តែទោះបីជាយ៉ាងណាមន្ត្រីរបស់លោកបានបន្តឱ្យបងប្អូនពលករដែលបានបញ្ចប់ការធ្វើចត្ដាឡីស័កចូលរួមអប់រំសុខភាពដោយស្គែនកម្ដៅនិងបាញ់អាល់កុល និងបន្តការតាមដានសុខភាពនៅផ្ទះរបស់គាត់។
លោកបន្តថា នៅព្រឹកថ្ងៃទី៥ខែមករាឆ្នាំ២០២១នេះមិនមានករណីពលករចំណាកស្រុកមកពីប្រទេសថៃចូលថ្មីនោះទេ ខណៈមានមន្ត្រីប្រចាំការដែលពាក់ព័ន្ធនៅមណ្ឌលធ្វើចត្តាឡីស័កកម្រិត២នៅទីតាំងការិយាល័យកសិកម្មស្រុករមាសហែកផងដែរ។
បន្ទាប់មកលោកក៏បានផ្តាំផ្ញើដល់បងប្អូនចំណាកស្រុកមកពីក្រៅប្រទេសដែលបានមកធ្វើចត្តាឡីស័កថ្មីកម្រិត២នៅទីតាំងការិយាល័យកសិកម្មស្រុកត្រូវអនុវត្តការធ្វើអនាម័យជាប្រចាំ ដោយលាងដៃជាមួយសាប៊ូ អាល់កុល ជែល ពាក់ម៉ាស់ ហើយនៅគម្លាតគ្នា និងនៅពេលទំនេរដើម្បីបំបាត់ការអផ្សុកសូមធ្វើពលកម្មក្នុងបរិវេណទីតាំងនៅមណ្ឌលចត្តាឡីស័កទាំងអស់គ្នា៕ដោយ៖យឹមសុថាន