នៅថ្ងៃទី៥ ខែមករា វិមានប្រធានាធិបតី រុស្ស៊ីបានប្រកាសថា លោកពូទីន និងអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានជួបពិភាក្សាគ្នា តាមទូរស័ព្ទស្តីពិកិច្ចសហប្រតិបត្តិការ ផលិតវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ។
កាលពីខែធ្នូឆ្នាំ២០២០រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ី លោក Mikhail Murashko និងសមភាគី អាល្លឺម៉ង់លោកJens Spahn បានជួបពិភាក្សាគ្នាស្តីពីការផលិតវ៉ាក់សាំង កូវីដ-១៩ ។ មន្ត្រីសុខាភិបាលអាល្លឺម៉ង់ បានប្រកាសថានឹងសហការគ្នា ផលិតវ៉ាក់សាំង របស់រុស្ស៊ីនៅក្នុងតំបន់អឺរ៉ុប។
បច្ចុប្បន្នគ្រប់ប្រទេសទាំងអស់បានបង្កើនការផលិតវ៉ាក់សាំង ដើម្បីចាក់ជូនពលរដ្ឋ ឲ្យបានលឿនបំផុត ដើម្បីបញ្ចប់ការឆ្លងរាលដាល កូវីដ-១៩ ។ មកទល់ពេលនេះនៅលើពិភពលោកមានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ ជាង ៨៦.១លាននាក់, ស្លាប់ជាង ១.៨៦លាននាក់, ជាសះស្បើយជាង ៦១.១លាននាក់។
ជាមួយគ្នានេះដែរចិនក៏បានបង្កើនការផលិត វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ដើម្បីទប់ស្កាត់ការឆ្លងរាលដាល និង ដើម្បីធានាបាននូវការផ្គត់ផ្គង់វ៉ាក់សាំងឲ្យបានឆាប់រហ័សផងដែរ។
អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន លោក វ៉ាង ជាំងភីង (Wang Jiangping) បានគូសបញ្ជាក់ថា សមត្ថភាពផលិតវ៉ាក់សាំង COVID-19 របស់ប្រទេសចិន នឹងត្រូវបានពង្រីកជាលំដាប់ ហើយស្របពេលជាមួយគ្នាវ៉ាក់សាំង នឹងត្រូវធានានូវគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។
លោក Wang បានគូសបញ្ជាក់បន្ថែមថា ផែនការផលិតកម្ម នឹងត្រូវរៀបចំឡើងឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនសក្តានុពលនៃការផលិត និងធានាបាននូវការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន៕