អ៊ីរ៉ង់បានស្នើដល់ដល់ប៉ូលិសអន្តរជាតិ អាំងទែរប៉ូល«ចេញនិវាទក្រហម»ចាប់ខ្លួនលោកត្រាំនិងមន្ត្រីអាមេរិក ៤៧រូបផ្សេងទៀត ជាប់ពាក់ព័ន្ធការសម្លាប់មេទ័ព Qassem Soleimani កាលពីជាង១ឆ្នាំមុន នៅអាកាសយានដ្ឋានអន្តរជាតិប្រទេសអ៊ីរ៉ាក់។
កាលពីយប់ថ្ងៃទី៥ខែមករា សារព័ត៌មាន RT បានដកស្រង់សំដីអ្នកនាំពាក្យក្រសួងយុត្តិធម៌អ៊ីរ៉ង់ លោកGholam Hossein បានបញ្ជាក់ថា អ៊ីរ៉ង់បានស្នើដល់ប៉ូលិសអន្តរជាតិ ចេញនិវាទក្រហមចាប់ខ្លួនមេទ័ពអ៊ីរ៉ង់ និងមន្ត្រី៤៧រូប ក្នុងនោះមានមេបញ្ជាការកងទ័ព មន្ត្រីក្នុងក្រសួងការពារជាតិដែលចូលរួមក្នុងសកម្មភាពសម្លាប់មេទ័ពអ៊ីរ៉ង់។
រដ្ឋមន្ត្រីក្រសួងចារកិច្ចអ៊ីរ៉ង់លោកMahmoud Alavi បានបញ្ជូនឯកសារ ១០០០ ទំព័រ ទៅកាន់តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ បញ្ជាក់ពីមេទ័ព Soleimani រងការធ្វើឃាត។
ការស្នើរបស់អ៊ីរ៉ង់ គឺជាលើកទី២ ឱ្យប៉ូលិសអន្តរជាតិ Interpol ចាប់ខ្លួនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការធ្វើឃាតមេទ័ពកំពូលអុីរ៉ង់ លោក Qassem Soleimani ហើយការស្នើនេះ ធ្វើឡើងតែជាងពីរសប្ដាហ៍ទៀតប៉ុណ្ណោះ មុននឹងលោក ត្រាំ ត្រូវចាកចេញពីសេតវិមាន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យតុលាការអុីរ៉ង់ លោក Gholamhossein Esmaili បាននិយាយថា អុីរ៉ង់ បានស្នើឱ្យប៉ូលិសអន្តរជាតិ Interpol ចាប់ខ្លួនលោក ត្រាំ និងក្រុមមន្ត្រីអាមេរិក ៤៧នាក់ផ្សេងទៀត ដែលត្រូវបានចោទថា បានចូលរួមក្នុងការធ្វើឃាត លោក Qassem Soleimani ក្នុងទីក្រុងបាកដាដ ប្រទេសអុីរ៉ាក់។ លោក Esmaili បានបញ្ជាក់ បន្ថែមដូច្នេះថា៖ «សាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ នៅតែបន្តការតាមចាប់ខ្លួនអ្នកទាំងឡាយណាដែលបានបង្គាប់ និងអនុវត្តបទឧក្រិដ្ឋមួយនេះ»។
មេទ័ពកំពូលអុីរ៉ង់លោក Qassem Soleimani ត្រូវបានយន្ដហោះដ្រូនអាមេរិកផ្ដាច់ជីវិត ក្នុងទីក្រុងបាកដាដ ប្រទេសអុីរ៉ាក់ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ដោយលោក ត្រាំ ផ្ទាល់អះអាងថាលោក Soleimani មានផែនការវាយប្រហារលើសហរដ្ឋអាមេរិក។ អ្នកជំនាញច្បាប់អន្តរជាតិភាគច្រើនយល់ថានេះគឺជាទង្វើខុសច្បាប់ ហើយព្រមពេលជាមួយគ្នា អុីរ៉ង់ក៏ដឹងខ្លួនដែរថា ការចេញដីកា ឬស្នើឱ្យប៉ូលិស Interpol ចាប់ខ្លួនប្រធានាធិបតីអាមេរិក គឺជារឿងមិនអាចទៅរួច ប៉ុន្តែទីក្រុងតេហេរ៉ង់ នៅតែ ជំនះធ្វើបែបនេះ ទំនងគ្រាន់តែចង់ធ្វើឱ្យតែល្អមើល ឬបើកមុខមាត់ពិតរបស់អាមេរិក ឬក៏ដើម្បីលួងលោមប្រជាជនអុីរ៉ង់ ដែលស្រឡាញ់លោក Soleimani ប៉ុណ្ណោះ៕
រូបភាព៖ baogiaothong