សង្គមកូរ៉េខាងត្បូងបានបែកបាក់ជាពីរ ដោយម្ខាងគាំទ្រការលើកលែងទោសដល់អតីតប្រធានាធិបតី២រូបក្នុងប្រទេសនេះ ដែលបច្ចុប្បន្នកំពុងតែជាប់ឃុំខ្លួនក្នុងពន្ធនាគារពីបទប្រព្រឹត្តអំពើពុករលួយ។ ចំណែកក្រុមមួយទៀតមិនគាំទ្រដល់ការលើកលែងទោសនោះឡើយ។
តាមលទ្ធផលស្ទង់មតិ របស់Realmeterដែលបានប្រកាសលទ្ធផលនៅថ្ងៃទី៦ខែមករា ស្តីពីការលើកលែងទោស ឬមិនលើកលែងទោសដល់អតីតប្រធានាធិបតី។ លទ្ធផលបង្ហាញឲ្យឃើញថា មានពលរដ្ឋ៤៧,៧%គាំទ្រការលើកលែងទោសដល់អតីតប្រធានាធិបតីLee Myung-bak និងអតីតប្រធានាធិបតីលោកស្រីPark Geun-hye ។ ជាមួយគ្នានោះ មានពលរដ្ឋដល់ទៅ ៤៨% ប្រឆាំងនិងការលើកលែងទោស។ទន្ទឹមនឹងនោះក៏មានពលរដ្ឋ៤,៣ភាគរយមិនបញ្ចេញមតិឡើយ។
គម្រោងលើកលែងទោសដល់អតីតប្រធានាធិបតីបានផ្តួចផ្តើមឡើងដោយតំណាងរាស្ត្រLee Nak-yon ប្រធានគណបក្សប្រជាធិបតេយ្យ កាន់អំណាច។ លោកបានស្នើដល់ប្រធានាធិបតី មូន ជេអុីនលើកលែងទោសដល់អតីតប្រធានាធិបតីទាំងពីររូប ដើម្បីជំរុញសាមគ្គីភាពជាតិសាសន៍។ ប៉ុន្តែគម្រោងនោះទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីមហាជន។
អតីតប្រធានាធិបតី Lee Myung-bak ដឹកនាំកូរ៉េខាងត្បូងតាំងពីឆ្នាំ២០០៣-២០០៨ បច្ចុប្បន្នកំពុងតែទទួលទោសជាប់គុក១៧ឆ្នាំ ក្រោយការកាត់ទោសកាលពីខែវិច្ឆិកាឆ្នាំ២០២០។ ចំណែក អតីតប្រធានាធិបតី លោកស្រីPark Geun-hye ត្រូវកាត់ទោសជាប់ពន្ធនាគារ២០ឆ្នាំ ពីបទពុករលួយ៕
រូបភាព៖ Yonhap/TTXVN