អន្តរជាតិ៖ បេីតាមការអះអាងពីក្រុមហ៊ុនបណ្ដាញសង្គមFacebook បានប្រកាសថា ខ្លួនបានប្លុកគណនីរបស់លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ចំនួន២៤ម៉ោង ដោយសារតែបានល្មើសទៅនឹងច្បាប់ចំនួន២ ដោយក្នុងនោះ នៅលើបណ្ដាញសង្គម Instagram ក៏ប្លុកដូចគ្នាផងដែរ។
ជាក់ស្តែងចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន Facebook នេះ ត្រូវបានធ្វើឡើងក្រោយពេលផ្ទុះការតវ៉ារបស់ក្រុមគាំទ្រលោកត្រាំ និងការបង្ហោះសារនយោបាយដែល ខុសពីច្បាប់ថ្មីដែលបានកំណត់ និងចេញដោយសភាអាមេរិក។ នេះបេីយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១។
ជាមួយគ្នានេះ ក្រុមហ៊ុន Facebook បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងបានរកឃើញថា ហ្វេសប៊ុករបស់លោកត្រាំ បានរំលោភលើគោលនយោបាយធំៗចំនួន២ ដែលនាំឱ្យយើងសម្រេចប្លុក ឬបិទគណនីរបស់លោកត្រាំរយៈពេល២៤ម៉ោង។ វាមានន័យថា លោកត្រាំ មិនអាចប្រើគណនីរបស់លោកបានទេនៅក្នុងរយៈពេល ២៤ម៉ោង»។
លេីសពីនេះបណ្ដាញសង្គម Instagram ដែលជាបុត្រសម្ព័ន្ធរបស់ Facebook ក៏បានប្លុក ឬបិទគណនីរបស់លោកត្រាំរយៈពេល ២៤ម៉ោងដូចគ្នា ខណៈដែលបណ្ដាញសង្គម Twitter ក៏បានបិទគណនីរបស់លោកត្រាំរយៈពេល ១២ម៉ោងផងដែរ បន្ទាប់ពីបានរំលោភលើគោលនយោបាយនៃច្បាប់របស់ Twitter ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Facebook នៅមុននេះបន្តិច ក៏បានលុបចោលនូវវីដេអូដែលបង្ហោះនៅលើគណនីរបស់លោកត្រាំ ដោយវីដេអូនោះ បង្ហាញពីការតវ៉ា បះបោរ របស់ក្រុមបាតុករដែលគាំទ្រលោកត្រាំ ជាមួយនឹងពាក្យស្លោក «Go home» ៕ដោយ៖ស តារា