ខេត្តកណ្តាល៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៩រោច ខែបុស្ស ឆ្នាំជូត ឯក ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២១ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងារគណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤២ នៃទិវាជ័យជម្នះ ៧ មករា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកពញាឮ ខេត្តកណ្តាល ។
អង្គពិធីមានការចូលរួមពីសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាឮ គណៈកម្មាធិការគណបក្សខេត្តកណ្តាល និងស្រុកពញាឮ ព្រមទាំងបណ្តាឃុំក្នុងស្រុកពញាឮ យ៉ាង ច្រើនកុះករ ។
ក្រោយពីបានស្តាប់នូវខ្លឹមសារស្នូលសំខាន់នៃទិវាជ័យជម្នះ ៧ មករា និងលទ្ធផលនៃសន្និបាតគណ:កម្មាធិការកណ្តាល លើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលជម្រាបជូនដោយលោករដ្ឋមន្រ្តីរួចមក អង្គពិធីបានចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ទិវាជ័យជម្នះ ៧ មករា ដែលបានធ្វើឲ្យប្រទេសជាតិ និងប្រជាជនមានជីវិតរស់រានឡើងវិញ និងក្រោមគោលនយោបាយឈ្នះ=ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននាំប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យក្នុងជំហានដ៏ស្វាហាប់ និងប្រកបដោយមោទនភាព។
អង្គពិធីបានប្តេជ្ញាជាធ្លុងមួយបន្តថែរក្សាឲ្យបានជាដាច់ខាតនូវសុខសន្តិភាព សម្រាប់បន្តការកសាង និងអភិវឌ្ឍកម្ពុជា ឲ្យមានការរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត និងប្រកបដោយចីរភាព និងសូមអរគុណ សន្តិភាព ទេីប យេីង មានអ្វី ៗដូច សព្វថ្ងៃ នេះ ។
ដេីម្បី ជាចំណង ដៃ សម្រាប់ ឆ្នាំ ថ្មី នេះ លោករដ្ឋមន្ត្រីបានផ្តល់ផ្លូវក្រាល កៅស៊ូ ប្រវែង១២ គីឡូម៉ែត្រ នៅ ក្នុង ឃុំ ចំនួន ៣ របស់ ស្រុក ពញាឮ និង សាងសង់ ស្នាក់ ការ គណបក្ស ប្រជាជន កម្ពុជា ស្រុក ពញាឮ ថ្មី ផង ដែរ ៕
ដោយ, សុខ ខេមរា