លោក ងួន រតនៈ អញ្ជើញចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័កស្រុកជាយដែនជាប់ព្រំដែនប្រទេសថៃ ចំនួន ៣ ស្រុក ក្នុងខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង, នៅថ្ងៃសុក្រទី០៨ ខែមករា ឆ្នាំ២០២១ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័កស្រុកជាយដែនជាប់ព្រំដែនប្រទេសថៃ ចំនួន ៣ ស្រុក រួមមានស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង នៅដំណើរចុះពិនិត្យស្ថានភាពនោះក៏មានការអញ្ជើញចូលរួមពី លោក អភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពមួយចំនួនទៀត។ 

លោក ងួន រតនៈ បានអំពាវនាវពលករទើបត្រឡប់មកពីប្រទេសថៃ ត្រូវចូលរួមតាមវិធានការទប់ស្កាត់ជំងឺកូវីដ១៩ អនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល ធ្វើចត្តាឡីស័កឲ្យបានគ្រប់កាលកំណត់ ហើយកងកម្លាំងការពារព្រំដែនទាំងអស់ សូមបន្តសហការគ្នា ក្នុងការពិនិត្យឲ្យបានម៉ត់ចត់នូវពលករឆ្លងដែន។ 

លោកអភិបាល នៃគណៈអភិបាលខេត្ត ក៏បានសំណេះសំណាល និងណែនាំដល់កបងប្អួនពលករ សូមកុំរត់គេចវេសពីកន្លែងធ្វើចត្តាឡីស័ក ឫ មិនព្រមចូលមកធ្វើចត្តាឡីស័ក បើពុំនោះទេមិនត្រឹមតែធ្វើឱ្យប៉ះពាល់ ខាតបង់ពេលវេលាសម្រាប់តែខ្លួនគាត់ម្នាក់ប៉ុណ្ណោះទេ ថែមទាំងនាំគ្រួសារគាត់ និង អ្នកមានទំនាក់ទំនងជាមួយ  មកធ្វើចត្តាឡីស័កទាំងអស់គ្នា ក្មុងរយៈពេល១៤ថ្ងៃ និងធ្វើតេសយកសំណាក តាមគោលការណ៍ក្រសួងសុខាភិបាល។ 

លោកបានសង្កត់ធ្ងន់ថា ចំពោះពលករកំពុងធ្វើការងារនៅប្រទេសថៃ បើពុំមានកិច្ចការចាំបាច់ សូមកុំទាន់ត្រឡប់មកស្រុកកំណើតវិញ ធ្វើការនៅកន្លែងណានៅទីនោះសិន ស្ដាប់តាមការណែនាំរបស់អាជ្ញាធរថៃ ពាក់ព័ន្ធការទប់ស្កាត់ជំងឺកូវីដ១៩នេះ ហើយកុំជឿតាមការញុះញង់របស់ពួកមេខ្យល់ ក្នុងការនាំឆ្លងដែនខុសច្បាប់ និងគេចវេសពីការពិនិត្យសុខភាព និងការធ្វើចត្តាឡីស័ក។ 

សូមជម្រាបជូនដែរថា គិតត្រឹមថ្ងៃ៧ ខែមករា ឆ្នាំ២០២១ ពលករវិលត្រឡប់ពមកពីប្រទេសថៃ សរុបប្រមាណ ២១៤០ នាក់ ត្រូវបានមន្ត្រីសុខាភិបាលធ្វើការពិនិត្យសុខភាព និងយកសំណាកសរុបប្រមាណ ១៨០០ នាក់ និងបញ្ចប់ចត្តាឡីស័កដោយអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ចំនួន ៣៣២ នាក់ និងអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦នាក់ផងដែរ៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print