ខេត្តកណ្ដាល៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈដែលគាត់ចុះចាប់ត្រីនៅក្នុងស្រះមួយកន្លែង ដោយពុំបានដឹងថានៅលើខ្នងស្រះ មានដាក់ខ្សែលួសភ្ជាប់ចរន្តអគ្គិសនីនោះទេ។ ករណីនេះបានកើតឡើងនៅយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២អធ្រាត្រ នៅចំណុចស្រះត្រីរបស់ឈ្មោះ អ៊ុន ថេ ចុងព្រែកស៊្រន ស្ថិតក្នុងភូមិព្រែកម្រេញ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។
មន្ត្ថីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពក ជឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ឡានតាក់ស៊ី មានទីលំនៅភូមិព្រែកម្រេញ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។ ចំណែកជនសង្ស័យជាម្ចាស់ស្រះឈ្មោះ អ៊ុន ថេ ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកម្រេញ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល (រត់គេចខ្លួន ) ។ វត្ថុតាងចាប់យកមាន អាគុយម៉ាក BBC ពណ៌ខ្មៅ៧០អំពែរចំនួន១គ្រឿង,អាំងវែរទ័របំលែងភ្លើងអាគុយ ចំនួន១គ្រឿង ខ្សែលួសប្រវែង៤០ម៉ែត្រ ។
ប្រភពដដែលបន្តថា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទីជនរងគ្រោះបានចេញពីផ្ទះដើម្បីទៅមើលគេបូមទឹកដាក់ស្រូវក្នុងគោលបំណងទៅចាប់ត្រី លុះទៅដល់ចំណុចដីស្រែស្រូវ ជនរងគ្រោះបានយកភ្លើងហ្វាពីឈ្មោះ ហេង ណេង ដោយប្រាប់ហេង ណេង ថាៈ ទៅចាប់ត្រី។ លុះបានមួយសន្ទុះក្រោយមកក៏ឮសម្រែក ឈ្មោះ ពក ជឿន ស្រែកថាជួយផង។ ភ្លាមនោះឈ្មោះ ផល ភាព នឹងឈ្មោះ ហេង ណេង ក៏រត់សំដៅទៅកន្លែងកើតហេតុ ឃើញជនរងគ្រោះដួលប៉ះនឹងខ្សែលួសដែលឈ្មោះ អ៊ុន ថេ រាយឆក់ការពារកុំឱ្យគេចូលចាប់ត្រី ភ្លាមនោះផល ភាព និង ហេង ណេង បានយកឈើទៅកៀសខ្សែលួសចេញដើម្បីជួយជនរងគ្រោះ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏យកសាកសពជនរងគ្រោះមកផ្ទះ រួចរាយការណ៍ជូនអាជ្ញាធរ នឹងរាយការណ៍បន្តមក អធិការដ្ឋាននគរបាលស្រុក ។
ក្រោយពីបានទទួលបញ្ជាពីលោកអធិការ ផ្នែកជំនាញបានចុះទៅដល់កន្លែងកើតហេតុ ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល លោកគ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារជនរងគ្រោះ ដើម្បីធ្វើការពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពឃើញថា សាកសពមានស្នាមឆេះខ្មៅនៅលើ.ក មុខខាងឆ្វេងប្រវែង១០ស.ម. ស្នាមឆេះលើកំភួនដៃខាងស្តាំប្រវែង១១ស.ម. ស្នាមឆេះលើម្រាមដៃស្តាំចំនួន៤ម្រាម និងស្នាមឆេះលើមេដៃខាងឆ្វេងប្រវែង២ស.ម. ក្រៅពីស្លាកស្នាមនេះ ពុំមានស្លាកស្នាមអ្វីផ្សេងគួរឱ្យកត់សម្គាល់ឡើយ។
តាមការសន្និដ្ឋានថាៈ ជនរងគ្រោះស្លាប់ដោយសារត្រូវចរន្តភ្លើងឆក់ដែលឈ្មោះ អ៊ុន ថេ រាយការពារផលប្រយោជន៍របស់ខ្លួន បណ្តាលឱ្យស្លាប់អ្នកដទៃ។ ក្រោយពីពិនិត្យចប់សព្វគ្រប់ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ដោយស្អាងជ័យ