ចន្លោះមិនបានប៉ុន្មាននាទីផង អគ្គិភ័យឆាបឆេះហាង លក់ស៊ុប សាច់អាំង និង ហ្គារាស ជួសជុលរថយន្ត ពីទីតាំងទល់មុខគ្នា ក្នុងខណ្ឌទួលគោក មូលហេតុផ្ទុះស៊េខ្សែភ្លើង

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះ ហាងលក់ស៊ុប និង សាច់អាំង ដែលមានយីហោ ឃូល ផាលេស ខូចខាតស្ទើតែទាំងស្រុង មិនទាន់អន្តរាគមន៍បាន១០០ភាគរយផង ស្រាប់ឆ្លងចរន្តអគ្គិសនី ផ្ទុះស៊េខ្សែភ្លើង ចេញជាអណ្តាតភ្លើងឆាបឆេះ ហ្គារាសជួសជុលរថយន្ត មួយកន្លែងទៀត នៅទល់មុខហាង លក់ស៊ុប សាច់អាំង តែម្តង។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង០៤និង៥០ នាទីល្ងាច ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវលេខ១៤៦ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជាក់ស្តែង នៅវេលាម៉ោង ៤ និង ០០នាទីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ មានអគ្គិភ័យបានលេបត្របាក់ហាងមួយកន្លែង លក់ស៊ុប និង សាច់អាំង ដែលមានយីហោ ឃូល ផាលេស ខូចខាតស្ទើតែទាំងស្រុង ដែលបង្កភាពភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច យករថយន្តពន្លត់អគ្គិភ័យចំនួន៦ គ្រឿង មកអន្តរាគមន៍ទើបរលត់ទៅវិញ ប៉ុន្តែស្របពេល កម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ កំពុងធ្វើការអន្តរាគមន៍ ទៅលើអគ្គិភ័យដែលកំពុងឆាបឆេះហាង ខាងលើជិតបាន១០០ ភាគរយទៅហើយ ស្រាប់តែមានហេតុការណ៍ ផ្ទុះស៊េខ្សែភ្លើង ចេញជាអណ្តាតភ្លើងឆាបឆេះបន្តិចបន្តួច នៅក្នុង ហ្គារាស ជួសជុលរថយន្ត មួយកន្លែងទៀត ទីតាំងទល់មុខគ្នាជាមួយ ហាងលក់ស៊ុប និងសាច់អាំង ដែលកំពុងឆាបឆេះនោះតែម្តង។

ក្នុងប្រតិបត្តិការណ៍ទាំងពីនេះដែរ កម្លាំងសមត្ថកិច្ចបាន យករថយន្តចំនួន ៦ គ្រឿង ប្រើប្រាស់អស់៤ គ្រឿង និង បំពង់ពន្លត់អគ្គិភ័យចំនួន៤ បំពង់ ក្នុងការអន្តរាគមន៍ទៅលើអគ្គិភ័យ ដែលឆាបឆេះ ហាង លក់ស៊ុប សាច់អាំង រួមទាំង ហ្គារាស ជុសជុលរថយន្ត ទីតាំងទល់មុខគ្នានេះ បានរលត់ទៅវិញ ហើយនៅក្នុងករណីអគ្គិភ័យឆាបឆេះ ទីតាំង២ ផ្សេងគ្នានេះ មិនបណ្តាលឱ្យនរណាម្នាក់រងរបួសក្នុងករណីនេះទេ៕

ដោយ៖ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print