តាមតួលេខរបស់គេហទំព័រ Worldometers គិតមកដល់រសៀលថ្ងៃទី១០ខែមករាឆ្នាំ២០២០ នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ ៩០.០៥១.២៥០នាក់ និងស្លាប់១.៩៣៣.៥២២នាក់។ ជាមួយគ្នានោះដែរ ក៏មានអ្នកជំងឺព្យាបាលជាសះស្បើយកើនឡើងដល់ទៅជាង ៦៤លាននាក់ផងដែរ។
អឺរ៉ុបជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ ក្នុងនោះប្រទេសអង់គ្លេស មានអ្នកឆ្លងជាង៣លាននាក់ និងស្លាប់៨០.៨៦៨នាក់ ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក អង់គ្លេសរកឃើញមានអ្នកឆ្លងថ្មីដល់ទៅ ៥៩.៩២៧នាក់ និងស្លាប់១.០៣៥នាក់នៅថ្ងៃទី៩ខែមករា ។
នាយករដ្ឋមន្ត្រីបានសម្រេចបិទប្រទេសជាលើកទីបីស្នើដល់ពលរដ្ឋឲ្យនៅក្នុងផ្ទះ ខណៈការឆ្លងរាលដាលកើនឡើងខ្ពស់ ។
នៅពេលនេះដែរ ព្រះមហាក្សត្រិយានិី Elizabeth និងសម្តេចសង្ឃកាតូលិកFrancis បានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក៏ដូចជាផ្តល់ទំនុកចិត្តដល់ពលរដ្ឋនៅជុំវិញពិភពលោកចូលរួមចាក់វ៉ាក់សាំងទាំងអស់គ្នា។ ព្រះមហាក្សត្រិយានីអង់គ្លេស និងសម្តេចសង្ឃកាតូលិកFrancis ជាបុគ្គលដែលមានឥទ្ធិពលបំផុតលើពិភពលោក។
សម្តេចសង្ឃFrancis ក៏បានជំរុញឲ្យពលរដ្ឋមានទំនុកចិត្តលើវ៉ាក់សាំង ហើយទៅចាក់ឲ្យបានគ្រប់គ្នា ។ សម្តេចសង្ឃ Francis បានលើកឡើងថា ការប្រឆាំងវ៉ាក់សាំង មិនខុសអ្វីពីការឆ្ពោះទៅរកក្តីស្លាប់ឡើយ។ សម្តេចសង្ឃមិនបានបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុនណាឡើយដែលព្រះអង្គបានចាក់។
ចំណែកនៅរាជវាំងវិញ ព្រះមហាក្សត្រិយានី Elizabethបានចាក់វ៉ាក់សាំងនៅថ្ងៃទី៩ ខែមករា។ បច្ចុប្បន្ននៅក្នុងប្រទេសអង់គ្លេស មានពលរដ្ឋ១,៥លាននាក់ហើយបានចាក់វ៉ាក់សាំងកូវីដ-១៩ ហើយអង់គ្លេសបង្កើនការចាក់ជូនពលរដ្ឋឲ្យបានលឿនបំផុត៕
រូបថត៖closerweekly