ព្រះមហាក្សត្រម៉ាឡេស៊ី បានសម្រេចព្រះទ័យប្រកាសអាសន្នទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ហើយច្បាប់អាសន្ននោះនឹងអូសបន្លាយរហូតទៅដល់ថ្ងៃទី១ខែសីហាឆ្នាំ២០២១ ប្រសិនបើស្ថានភាពកូវីដ-១៩មិនទាន់គ្រប់គ្រងបាន។
នៅក្នុងសេចក្តីប្រកាសពីព្រះរាជវាំង Istana Negara ម៉ាឡេស៊ី នៅថ្ងៃទី១១ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ថា ស្ថានភាពអាសន្ននេះនឹងជួយដល់ម៉ាឡេស៊ីឆាប់ឆ្លងផុតដំណាក់កាលអាក្រក់បំផុតដោយកូវីដ-១៩។
ការដែលព្រះមហាក្សត្រ Al-Sultan Abdullah Ri’ayatuddin Al-Mustafa Billah Shah ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នតាមសំណើរបស់នាយករដ្ឋមន្ត្រី Muhyiddin Yassin គឺដោយសារតែនាយករដ្ឋមន្ត្រីបានលើកឡើងថា ការឆ្លងរាលដាលកូវីដ-១៩ បានកើនឡើងកាន់តែច្រើន ទើបបង្ខំដាក់ប្រទេសក្នុងគ្រាអាសន្ន ។ ជាមួយគ្នានេះដែរ ព្រះមហាក្សត្របានស្នើរដ្ឋាភិបាលបង្កើតគណៈកម្មការដោយឯករាជ្យមួយ ដោយមានមន្ត្រីរដ្ឋាភិបាល តំណាងរាស្ត្រក្រុមប្រឆាំង អ្នកជំនាញសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។
បច្ចុប្បន្នម៉ាឡេស៊ីមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ១៣៨.២២៤នាក់ និងស្លាប់៥៥៥នាក់។ ចំនួនអ្នកឆ្លងថ្មីជារៀងរាល់ថ្ងៃក្នុងប្រទេសម៉ាឡេស៊ីបានកើនឡើងខ្ពស់ ដោយមានអ្នកឆ្លងដល់ទៅ៣០០០នាក់ក្នុងពេល២៤ម៉ោង៕
រូបភាព៖ Bloomberg