ក្រុមអ្នកស្រាវជ្រាវ កាលពីថ្ងៃទី១២ខែមករា ឆ្នាំ២០២១ បានប្រកាសថា លទ្ធផលធ្វើតេស្តវ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ចិននៅក្នុងទឹកដីប្រេស៊ីល មានប្រសិទ្ធភាព៥០,៤% គឺទាបជាងច្រើន បើប្រៀបធៀបនឹងតួលេខប្រកាសកាលពីដំបូង ។
កាលពីដើមខែមករា ក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល ប្រេស៊ីលបានប្រកាសថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac Biotech មានប្រសិទ្ធភាព ៧៨ភាគរយ ។ លោកRicardo Palacios មន្ត្រីក្នុងមជ្ឈមណ្ឌលស្រាវជ្រាវបានឲ្យដឹងនៅថ្ងៃទី១២ខែមករាថា លទ្ធផលស្រាវជ្រាវ ថ្មីនេះគឺបន្ថែមអ្នកដែលឆ្លងកូវីដ-១៩កម្រិតស្រាល ក្រោយការចាក់វ៉ាក់សាំង។
បណ្តាញព័ត៌មាន Al Jazeera បានផ្សាយថា លទ្ធផលខាងលើ បានធ្វើឲ្យប្រេស៊ីលខកចិត្តយ៉ាងខ្លាំង ក្រោយរដ្ឋាភិបាលបានជ្រើសរើស វ៉ាក់សាំងរបស់ចិនសម្រាប់ចាក់ជូនពលរដ្ឋ។
ក្រុមអ្នកវិទ្យាសាស្ត្របានថ្កោលទោសយ៉ាងខ្លាំងដល់ មជ្ឈមណ្ឌល Butantanដែលបានប្រកាសលទ្ធផលខាងលើ អាច ធ្វើឲ្យពលរដ្ឋនិងបណ្តាប្រទេសបោះបង់វ៉ាក់សាំងកូវីដ-១៩របស់ចិន។ មិនតែប៉ុណ្ណោះពលរដ្ឋប្រេស៊ីលគ្មានទំនុកចិត្តទៅលើវ៉ាក់សាំងចិនទៀតឡើយ។ មជ្ឈមណ្ឌល Butantanបានពន្យារពេលប្រកាសលទ្ធផលខាងលើដល់ទៅ៣លើកកន្លងមក ដោយគោរពតាមកិច្ចព្រមព្រៀងរក្សាការសម្ងាត់។
ជាមួយគ្នានេះដែរ កាលពីចុងខែធ្នូឆ្នាំ២០២០ ក្រុមអ្នកស្រាវជ្រាវរបស់តួកគីបានប្រកាសថា វ៉ាក់សាំងកូវីដ -១៩ របស់ក្រុមហ៊ុនSinovac មានប្រសិទ្ធភាពដល់ទៅ៩១,២៥% ។ ចំណែកប្រទេសឥណ្ឌូនេស៊ីវិញ កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២១ បានប្រកាសថា វ៉ាក់សាំង Sinovac មានប្រសិទ្ធភាពដល់ទៅ៦៥ភាគរយ ។ នៅពេលនេះប្រទេសឥណ្ឌូនេស៊ីក៏បានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ របស់ចិនដែរ៕
រូបភាព៖ Reuters