ភ្នំពេញ៖ បើតាមការបញ្ជាក់ពី លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹងថា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ បានផ្តល់ថវិកា ៨០០លានរៀលទៀត សម្រាប់ខេត្តឧត្តរមានជ័យ និង២០០លានរៀលថែមទៀត សម្រាប់ខេត្តបាត់ដំបង ដើម្បីរៀ បចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កជូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានពន្យល់បន្ថែមថា ថវិកា ៨០០លានរៀល សម្រាប់ខេត្តឧត្តរមានជ័យ នឹងត្រូវប្រើប្រាស់សម្រាប់រៀបចំទីតាំងធ្វើចត្តាឡីស័ក១០កន្លែង រៀបចំបាយទឹកសម្រាប់ពលករ ក៏ដូចជាប្រើប្រាស់ក្នុងកិច្ចការមួយចំនួនទៀត ដោយសារតែមានពលករជាច្រើន បានសម្រុកចូលមកតាមច្រកខេត្តឧត្តរមានជ័យ។ ដោយឡែកថវិកាបន្ថែម២០០លានរៀល សម្រាប់ខេត្តបាត់ដំបង គឺដើម្បីសម្រួលដល់ការរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័ក ដល់ពលករឱ្យកាន់តែប្រសើរឡើងថែមទៀត។ ថវិកាទាំងនេះ កំពុងតែរៀបចំបញ្ជូនឱ្យរដ្ឋបាលខេត្តទាំងពីរភ្លាមៗតែម្តង។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានបន្ថែមការឧបត្ថម្ភថវិកាចំនួន៥០០លានរៀល និងជំនួយមួយចំនួនបន្ថែមទៀតដល់ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំការ ធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។
កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏ទើបតែបន្ថែមថវិកាសរុប៧០០លានរៀលទៀត ដល់ខេត្តជាប់ព្រំដែនចំនួន៤ ដើម្បីរៀបចំធ្វើចត្តាឡីស័ក សម្រាប់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ ខេត្តជាប់ព្រំដែនចំនួន៤នោះមាន ខេត្តប៉ៃលិនទទួលបានថវិកាបន្ថែម២០០លានរៀល ខេត្តបាត់ដំបងទទួលបាន២០០លានរៀល ខេត្តបន្ទាយមានជ័យទទួលបាន២០០លានរៀល និងខេត្តឧត្តរមានជ័យទទួលបានថវិកាបន្ថែម១០០លានរៀល។ ខេត្តចំនួន៤នេះ ក៏ទទួលបានថវិកាបន្ថែមសរុបចំនួន ៦៥០លានរៀល និងសម្ភារមួយចំនួនទៀត កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ កន្លងទៅ ដើម្បីធ្វើយ៉ាងណារៀបចំសម្រួលដល់ការធ្វើចត្តាឡីស័កសម្រាប់ពលករដែលមកពីប្រទេសថៃ។
បើតាមក្រសួងសុខាភិបាល, រហូតដល់ពេលនេះ មានពលករជាង១,២ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅខេត្តជាប់ព្រំដែន ក្នុងប្រទេសកម្ពុជា បន្ទាប់ពីប្រទេសថៃ មានការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍យ៉ាងគំហុក នៅខេត្តសាមុតសាខន ហើយបន្តរាលដល់ខេត្តមួយចំនួនជាប់ព្រំដែន។
សូមជម្រាបជូនថា, បើយោងទៅលើផេកហ្វេសប៊ុកផ្លូវការ របស់ក្រសួងទេសចរណ៍កម្ពុជានៅព្រឹកថ្ងៃទី១២ មករា ឆ្នាំ២០២១កន្លងទៅនេះ បានឱ្យដឹងថា ,ការិយាល័យសេដ្ឋកិច្ចសេណេហ្កាល់ បានចុះផ្សាយនូវរបាយការណ៍ស្តីពីការផ្តល់ចំណាត់ថ្នាក់ដល់ប្រទេសដែលគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អបំផុតក្នុងពិភពលោក ក្នុងនោះប្រទេសកម្ពុជានៅចំណាត់ថ្នាក់លេខ៣បន្ទាប់ពី Saint Kitls និងNevis ដែលជារដ្ឋតូចនៅតំបន់ការ៉ាអុីប និងសុីស្សែល។ ជាងនេះទៅទៀតកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ការិយាល័យសេដ្ឋកិច្ចសេណេហ្កាល់ដដែល បានចុះផ្សាយរបាយការណ៍របស់ខ្លួនថា កម្ពុជាបានជាប់ចំណាប់ថ្នាក់លេខ១ លើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ការរីករាតត្បាតនៃជំងឺកូវីដ-១៩ ដែលមានពិន្ទុ១/១(១ ជាពិន្ទុខ្ពស់បំផុតនៃការធ្វើចំណាត់ថ្នាក់)ក្នុងចំណោម ប្រទេស១១៦ ជុំវិញពិភពលោក បន្ទាប់មកគឺប្រទេសស៊ូដង់ខាងត្បួង និងប្រទេសប្រ៊ុយណេដែលបានពិន្ទ ០,៩៩។
ទាំងនោះសុទ្ធសឹងបានមកអំពីការគ្រប់គ្រងបានយ៉ាងល្អ និងម៉ឹងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហើយប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពក្នុងការមកទស្សនាបើទោះនៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩។ ចំណាត់ថ្នាក់នេះ សបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាពិតជាមានសមត្ថភាពគ្រប់គ្រង និងទប់ស្កាត់ជំងឺដ៏កាចសាហាវមួយនេះបាន ហើយវាក៏ជាមោទភាពរបស់ជាតិមួយផ្សេងទៀត របស់ប្រទេសកម្ពុជា និងជាឱកាសដ៏ល្អក្នុងការផ្សព្វផ្សាយ កម្ពុជា-ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ និងសុវត្ថិភាព ជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅគ្រប់កាលៈទេសៈទាំងអស់៕ដោយ៖សិលា