អាជ្ញាធររាជធានីត្រៀមរួសរាន់ស្តារប្រឡាយ លូ ក្នុងខណ្ឌ៣ភាគខាងលិចរាជធានី ដើម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សាឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញត្រៀមស្តារប្រឡាយ លូ ឲ្យបានមុនរដូវវស្សានេះ  នៅក្នុងខណ្ឌចំនួន៣ នៅជាយរាជធានីភ្នំពេញ នោះគឺនៅខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ។

ការលើកឡើងជាគម្រោងដើម្បីស្ដារប្រឡាយ លូបង្ហូរទឹកខាងលើនេះគឺបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅក្នុងអង្គប្រជុំពិភាក្សាមួយដើម្បីស្ដារប្រឡាយមេធំមួយនៅទួលពង្រ១ ខណៈដែលតំបន់នេះតែងតែទទួលរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកនេះ។

  លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំនោះថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាគ្នារកដំណោះស្រាយក្នុងការស្តារប្រឡាយមេមួយនេះឱ្យបានធំ ក្រោយពីទឹកជំនន់បានជន់លិចនាពេលកន្លងមក ខណៈប្រឡាយនេះត្រូវបានគេរំលោភបំពានធ្វើឲ្យកន្លែងខ្លះតូចចង្អៀតដែលពិបាកឱ្យទឹកហូរបាន។

លោក ឃួង ស្រេង បានបន្តថា បើកិច្ចប្រជុំលើកនេះមិនមានដំណោះស្រាយឱ្យបានល្អនៅឡើយទេ រដ្ឋបាលរាជធានីភ្នំពេញនឹងលើកជាអង្គប្រជុំនៅសប្តាហ៍ក្រោយទៀត ដើម្បីធ្វើយ៉ាងណាអនុវត្តការ ស្ដារប្រឡាយនេះឲ្យបានជោគជ័យ បញ្ចៀសនូវការលិចលង់លំនៅឋានប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនោះក៏បានលើកឡើងពីគម្រោងនៃការស្ដារប្រឡាយទួលពង្រ១ ដែលមានប្រវែងជាង ៤០០០ម៉ែត្រហើយ ការស្តារប្រឡាយធំនេះ លោកឃួង ស្រេង បានជំរុញឲ្យមន្ទីរពាក់ព័ន្ធដូចជាមន្ទីរធនធានទឹក មន្ទីរសាធារណការនិងដឹកជញ្ជូននិងអាជ្ញាធរខណ្ឌរួមគ្នាដើម្បីកោះហៅប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងប្រឡាយនេះមកប្រជុំធ្វើការដោះស្រាយ ធ្វើយ៉ាងណាជំរុញការងារនេះឱ្យបានលឿននិងទាន់ពេលវេលា។

  ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញលោកសាំ ពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងថា ប្រឡាយទួលពង្រ១ដែលគ្រោងស្តារឡើងវិញនេះទំហំប្រឡាយមានលក្ខណៈរួមតូច មានគេចាក់ដីបិទមុខទឹកហូរដែលត្រូវស្ដារប្រឡាយនេះជាបន្ទាន់ ហើយការសាងសង់ប្រឡាយនេះត្រូវសាងសង់ឡើងជាប្រឡាយបេតុងឲ្យបានទទឹង ៨ម៉ែត្រ បណ្ដោយ៤៥៤៥ម៉ែត្រចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង៤៤៥ម៉ែត្រចាប់ពីបុរីជីពម៉ុងដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ទំហំ៦ម៉ែត្រគុណនឹង២ម៉ែត្រប្រវែង១២២០ម៉ែត្រ  ចាប់ពីបុរី GreenVill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងនៅចំណុចផ្លូវឆ្លងកាត់មានចំនួន៧កន្លែងផងដែរ៕

          

...

ដោយ៖សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print