យោងតាមការស្រាវជ្រាវដោយលោក វ៉ាន់ វី បានពណ៌នាថា
នៅសម័យបុរេប្រវត្តិសាស្រ្ត គឺពេលដែលពុំទាន់មានពាក្យ«ភូមិ»នៅឡើយ មនុស្សដំបូងប្រហែលជាបានមកតាំងលំនៅក្នុងរូងភ្នំ។ អ្នកស្រាវជ្រាវរកឃើញថា មានមនុស្សបានមករស់ក្នុងប្រទេសខ្មែរ នៅល្អាងស្ពានដែលជាកន្លែងមួយស្ថិតនៅជិតក្រុងបាត់ដំបងចាប់តាំងពីប្រហែល៤២០០ឆ្នាំមុនគ្រិស្តសករាជ(អៀន ហ៊ែរីស ២០១០)។
នៅរវាង១០០០ឆ្នាំក្រោយមក គេបានរកឃើញថាមានមនុស្សរស់នៅក្នុងរូងភ្នំមួយទៀតនៅជិតសមុទ្រ។ ក្នុងដំណាក់កាលនេះ ប្រជាជនខ្មែរទំនងជាបានរស់នៅក្នុងភូមិដែលមានកំពែងព័ទ្ធជុំវិញ ជាភូមិដែលមានរាងមូលដូចភូមិនានារបស់កុលសម្ពន្ធមួយចំនួនក្នុងប្រទេសកម្ពុជា លាវ និងវៀតណាមសព្វថ្ងៃ(ឆាណ្ឌល័រ ២០០៩)។ ជាក់ស្តែង ការរស់នៅ ជាក្រុម ជាភូមិមូលនោះ ជនជាតិដើមភាគតិចនៅស្រុកខ្មែនៅតំបន់ខ្ពង់រាបរសព្វថ្ងៃនៅតែរក្សាការរស់នៅ បែបនេះរហូតដល់សព្វថ្ងៃ។ ជាប្រពៃណី ពួកគេនិយមសង់ផ្ទះព័ទ្ធជុំវិញរោងមួយ(ផ្ទះធំសហគមន៍)នៅចំកណ្តាលសម្រាប់ប្រជុំគ្នាឬរៀបចំពិធីប្រចាំភូមិជាដើម(កែវ ណារុំ ២០១០)។
ចំណែកការកសាងភូមិនៅសម័យប្រវត្តិសាស្រ្ត មានលក្ខណៈប្រែប្រួលខុសពីមុន ខ្លះៗ។ នៅសម័យមុនអង្គរ ប្រទេសខ្មែរបានកកើតជារដ្ឋ ហើយបានបែងចែកជារដ្ឋបាល គ្រប់គ្រងដែនដីស្របច្បាប់ដោយឈរលើអំណាចកណ្តាលរបស់ព្រះមហាក្សត្រក្នុងការ បញ្ជាឱ្យបង្កើតភូមិករឬដែនដី។ តាមសិលាចារឹកជាច្រើន បានបង្ហាញឱ្យដឹងថា នៅសម័យមុនអង្គរនិងអង្គរ ដីភូមិគឺគេអាចទិញ ឬលក់បាន ក៏ប៉ុន្តែមនុស្សដែលមានសិទ្ធិទិញឬលក់ដីភូមិបានមិនមែនបណ្តាមនុស្សធម្មតាទេ គឺសុទ្ធតែពួកអភិជន(ឡុង សៀម ១៩៩៧)។
ក្នុងក្របខណ្ឌសម្គាល់ស្ថាននាមនៅសម័យនោះ ភូមិជាដីឬភូមិឋានរបស់ឯកជន ឬរបស់វត្តអារាម(ទេវស្ថាន) ហើយមានទម្រង់សមាសភាពមិនដូចភូមិសម័យបច្ចុប្បន្នទេ(ឡុង សៀម ១៩៩៧)។ តែទៅជាយ៉ាងនេះក្តី ក៏យើងឃើញមានឈ្មោះភូមិដែលមានលក្ខណៈប្រហាក់ប្រែលនឹងភូមិសព្វថ្ងៃ ដូចជាការនិយម ប្រើឈ្មោះរុក្ខជាតិជាដើម។ ឧទាហរណ៍ ភូមិតេំជ្រៃ (K. 91)៖ ភូមិដើមជ្រៃ, ភូមិវ្រះអំវិល (K. 736)៖ ភូមិព្រះអំពិល…។
នៅសម័យកណ្តាល(ស.វ.ទី១៥-១៩) ការស្ថាបនាភូមិហាក់បីដូចជាពុំសូវចេញជារូបរាងច្បាស់លាស់ ដោយសារតែក្នុងដំណាក់កាលនោះសង្គមខ្មែរមានភាពច្របូកច្របល់ គ្មានឱកាសនឹងកសាងភូមិស្រុករបស់ខ្លួន(ឡឹក សាវណ្ណ ១៩៩៩)។ ស្របពេលនោះ ពុទ្ធសាសនាថេរវាទដោយមានការនិយមសាងវត្តជំនួសប្រាសាទបុរាណ។ ហេតុនេះ ភូមិនៅសម័យនោះជាភូមិដែលជាចំណុះជើងវត្ត។ ជាក់ស្តែងនៅសម័យឧត្តុង្គ គឺក្នុងរាជ្យរបស់ព្រះបាទអង្គឌួង គេបានកសាងវត្តរាប់រយដោយមានភូមិជាអ្នកផ្គត់ផ្គង់សេដ្ឋកិច្ចព្រះសង្ឃ ហើយរស់នៅជាសហគមន៍(កម្ពុជាសុរិយា ១៩៦៣)។
ចាប់តាំងពីសម័យអាណានិគមនិយមបារាំងរហូតដល់ឥឡូវភូមិជាបំណែងចែកទឹកដីដែលស្ថិតក្រោមការគ្រប់គ្រងឃុំឬសង្កាត់។ ភូមិខ្លះមានមនុស្សរស់នៅតាំងពីបុរាណរហូតដល់សព្វថ្ងៃ ដូចជាភូមិល្វា ក្នុងឃុំល្វា ស្រុកពួក ខេត្តសៀមរាបជាដើម។ ការទៅចាប់ភូមិថ្មី ខ្មែរច្រើនទៅរកទីប្រជុំជន ពិសេសកន្លែងដែលជាប់ផ្លូវធំ ឬតាមដងទន្លេដែលសម្បូរជីជាតិ។ លើសពីនេះទៀត ក្នុងជំនឿខ្មែរទូទៅមុននឹងសង់ផ្ទះថ្មីក្តី ភូមិថ្មីក្តី ឬវត្តអារាមជាដើម។ គេតែងមានអាចារ្យឬគ្រូមន្តអាគមគាថា មើលភូគម្ភសាស្រ្តរកកន្លែងដែលល្អ មានជោគមានជ័យ(ឡឹក សាវណ្ណ ១៩៩៩)។
ជារួមមកយើងឃើញថា ការកសាងភូមិបានវិវត្តប្រែប្រួលតាមសម័យកាលតាំង ពីបុរាណមកម្ល៉េះ ហើយឥឡូវនេះ ភូមិបានប្រែក្លាយជាបំណែងចែកទឹកដីតាមបែបរដ្ឋបាលរបស់ខ្មែរ ដែលជាផ្នែកនៃឃុំ។ ការវិវត្តទាំងនេះក៏អាចស្តែងឱ្យឃើញពីទំនាក់ទំនងនៃការដាក់ឈ្មោះភូមិហើយនិងទំនោររបស់មនុស្សខ្មែរយើង៕
ប្រែសម្រួលនិងស្រាវជ្រាវដោយ÷ចៅតាជេត