ភ្នំពេញ៖នាទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លោកសាយ សំអាល់ បានទទួលជួបជាមួយសមាគមន៍ និងក្រុមមគ្គុទ្ទេសក៏ទេសចរណ៍ ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ បង្កើនកិច្ចសហការជាមួយគ្នា ក្នុងគោលបំណងគ្រប់គ្រងទេសចរណ៍ធម្មជាតិឱ្យកាន់តែប្រល្អប្រសើរ។
ក្នុងជំនួបនេះលោករដ្ឋមន្រ្តី បានបង្ហាញអំពីតំបន់ដែលមានសក្ដានុពលទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិនានានៅប្រទេសកម្ពុជា ដែលអាចរៀបចំឱ្យភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត។
ក្នុងនោះផងដែរ សមាគម និងក្រុមមគ្គុទ្ទេសក៏ ត្រូវស្វែងយល់ផងដែរអំពីតំបន់មួយចំនួននៅតាមតំបន់ការពារធម្មជាតិ ដែលមានតម្លៃខ្ពស់សម្រាប់ការអភិរក្សជីវៈចម្រុះ និងមួយចំនួនមិនទាន់មានសុវត្ថិភាពគ្រប់គ្រាន់នៅឡើយ ដែលត្រូវការសហការគ្នារៀបដំណើរទេសចរណ៍ឱ្យបានល្អទាំងសុវត្ថិភាព សុខភាព និងអនាម័យបរិស្ថាន។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានបន្ថែមថាការរីកចម្រើនទេសចរណ៍ធម្មជាតិ ជានិនាការថ្មីរបស់សង្គមកម្ពុជានិងជួយកសាងសេដ្ឋកិច្ចមូលដ្ឋាន។ ក្រសួងបរិស្ថាននឹងយកចិត្តទុកដាក់បន្ថែមសុខសុវត្ថិភាព សុខភាព ការសង្រ្គោះបន្ទាន់ ការគ្រប់គ្រងអនាម័យ និងសំអាតបរិស្ថានឱ្យបានល្អនៅតាមតំបន់ការពារធម្មជាតិ ដើម្បីជាប្រយោជន៍យូរអង្វែងដល់កូនចៅតជំនាន់។
លោករដ្ឋមន្រ្តី បានស្តាប់នូវសំណូមពរដែលបានលើកឡើង ពីសំណាក់សមាគម និងក្រុមមគ្គុទ្ទេសក៍ ដើម្បីស្វែងយល់ពីតម្រូវការ និងភាពចាំបាច់ សំដៅរួមគ្នារៀបចំទេសចរណ៍ធម្មជាតិឱ្យបានល្អប្រសើរ។
លោករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា កន្លងទៅប្រជាជនកម្ពុជាបានផ្លាស់ប្តូរផ្នត់គំនិតស្រឡាញ់បរិស្ថានច្រើនជាងមុន តាមរយៈការធ្វើដំណើរកម្សាន្តនៅតាមតំបន់ការពារធម្មជាតិកាន់តែច្រើន។
លោករដ្ឋមន្រ្តី បានលើកឡើងផងដែរថា ការធ្វើដំណើរកម្សាន្តនៅតាមតំបន់ធម្មជាតិទាំងអស់នេះ បានជួយលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្ស និងសហគមន៍ ឱ្យបង្កើនការយកចិត្តទុកដាក់លើការការពារ និងអភិរក្សធធានធម្មជាតិ និងចូលរួមចំណែកសំខាន់ដល់ការបង្កើនសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលដ្ឋនៅតាមសហគមន៍៕