ភ្នំពេញ៖ ក្រោយលេចរឿងរ៉ាវបែកបាក់គ្នាជាយូរមកហើយនោះ តារាសម្តែង និងចម្រៀង ទូច ស្រីល័ក្ខ និងស្វាមី បានឈានដល់ចំណុចក្តៅហើយពោលគឺ ថ្ងៃទី១៥នេះ គឺជាជំនួបគ្នារវាងនាង ,ស្វាមី និងកូនប្រុសបានលេចមុខនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជម្រះក្តីលើបណ្តឹងលែងលះគ្នា ។
តារាចម្រៀង ទូច ស្រីលក្ខណ៍ បានរៀបការជាមួយស្វាមី ជាតិអង់គ្លេសឈ្មោះ ម័រថេន ក្វាមេន ចាប់តាំងពីឆ្នាំ២០១១មកម៉្លេះ។ នាងទទួលបានចំណងដៃកូនប្រុសវ័យ៥ឆ្នាំម្នាក់ក្នុងបន្ទុកនាពេលបច្ចុប្បន្ន។ ក្រោយលេចចេញដំណឹងបែកបាក់គ្នានាងតែងបង្ហោះសារ និងបទចម្រៀងឆ្លុះបញ្ចាំងពីទុក្ខសោកក្នុងជីវិតជាហូរហែ និងបញ្ចេញសារមួយចំនួនលើបណ្តាញសង្គមដើម្បីបន្ធូអារម្មណ៍ រហូតអតីតស្វាមីនាងក៏ធ្លាប់បានបញ្ចេញលិខិតដោយចំហរបដិសេធពាក្យសម្តីរបស់អតីតភរិយាផងដែរ។ ទោះជាយ៉ាងណាគេនៅមិនទាន់ទទួលការបញ្ជាក់អំពីលទ្ធផលណាមួយនៅឡើយពីតារាសម្តែងខាងលើនៅឡើយទេ ។ ប៉ុន្តែតារាសម្តែងរូបនេះបានត្រឹមបង្ហោះសារដោយក្តីអាណិតកូនប្រុសបណ្តូលចិត្ត និងពាក្យសុំទោសទៅកាន់កូនប្រុសយ៉ាងកម្សត់។ គេកត់សម្គាល់ផងដែរថា មុននេះមួយថ្ងៃនាងបានបញ្ចេញសារដ៏ចាក់ដោតមួយអមដោយរូប២សន្លឹករវាងនាង និងកូនប្រុស។ នាងទម្លាយសារថា នាង និងកូនបានត្រៀមរួចជាស្រេចក្នុងការឡើងសាលាដំបូងរាជធានីភ្នំពេញ។ នាងបានចោទជាសំណួរទៅកាន់មនុស្សមួយចំនួនតូចដែលធ្លាប់លើកឡើងថា នាងបានដាក់បម្រាមហាមកូនប្រុសមិនឲ្យជួបមុខឪពុកដែលជាសាច់ឈាមគេផង។ នាងចោទសួរទៅវិញថាមានដឹងទេថា ជាឈាមរបស់គេ គេមិនខ្វល់ផងកន្លងមកជាង១ឆ្នាំជាងមកហើយ ហើយម្តេច មនុស្សមួយចំនួនតូចនេះមិនទៅសួរគេផងថា ហេតុអីបានចិត្តដាច់ចុះចោលប្រពន្ធកូនទៅភ្ជាប់ពាក្យនឹងស្រីថ្មីបែបនេះ? នាងថាកុំឲ្យក្តៅបើមិនដឹងកុំចេះតែបំពាននិយាយអី។ នាងបន្តថា សូម្បីតែមួយរៀលអតីតស្វាមីនាងមិនដែលផ្ញើឲ្យកូនផង ហើយពេលកូនឈឺតើវត្តមានឱពុកគាត់នៅទីណា ? សូម្បីតែតេមកសួរកូនក៏មិនដែរផងដែរ។
ជាមួយគ្នានេះដែរសារដែលឆ្លុះបញ្ចាំងពីជីវិតរបស់នាងត្រូវបានអ្នកគាំទ្រជាច្រើនលើកទឹកចិត្ត ក្នុងនោះមានអ្នកលើកសរសើរពីទឹកចិត្តនាងដែលអាចអត់ទ្រាំ នឹងស្ថានភាពគ្រួសារ និងព្យាយាមលាក់អស់ជាយូរមកហើយមុនពេលដែលទម្លាយ។ ទោះជាយ៉ាងណានាងធ្លាប់បានបញ្ចេញបទចម្រៀងរៀបរាប់ពីទុក្ខកង្វល់នានា ដែលធ្លាប់បានចាក់ចំបេះដូងនារីមានវិបត្តិគ្រួសារជាច្រើននាក់ រហូតមានអ្នកស្តាប់ខ្លះបានស្រក់ទឹកភ្នែកទៅតាមអត្ថន័យនៃបទម្រៀងដ៏កម្សត់នេះផងដែរ៕
ដោយ វឌ្ឍនា