ខេត្តឧត្តរមានជ័យ ៖ ដើម្បីរក្សាបាននូវបូរណភាពដែនដី សុខសន្តិភាព និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលអាចកើតមាននៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កងការពារព្រំដែនលេខ៤០៣ បន្តដើរល្បាតតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការ កងការពារព្រំដែនគោកលេខ៤០៣ បានចាត់តាំងកម្លាំងអន្តរាគមន៍ចំនួន១៦នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ឃុំ សុខុម មេបញ្ជាការ កងអន្តរាគមន៍ ដោយសហការជាមួយកម្លាំងនគរបាល វរសេនាតូចការពារព្រំដែនលេខ៩០៥ ចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនទិសជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ដោយឡែកកម្លាំងមួយចំនួនទៀតត្រៀមសហការត្រួតពិនិត្យពលករ ឆ្លងដែនពីប្រទេសថៃនៅច្រកទ្វារអន្តរជាតិជាំ ក្រៅពីការងារដើរល្បាត អង្គភាព បានយកចិត្តទុកដាក់ត្រួតពិនិត្យសុខភាព កងកម្លាំងទាំងអស់ដូចជា វាស់កម្ដៅ និងអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាលជៀសវាងពីការចម្លងជំងឺកូវីដ១៩៕
ដោយ, សិលា